មហាជនរង់ចាំការបកស្រាយពីស្នងការខេត្តកំពង់ចាម ជុំវិញករណីរថយន្តនគរបាលជាតិពាក់ផ្លាកលេខ 2-4820 ចូលចតក្នុងហាងខារ៉ាអូខេ

មហាជនរង់ចាំការបកស្រាយពីស្នងការខេត្តកំពង់ចាម ជុំវិញករណីរថយន្តនគរបាលជាតិពាក់ផ្លាកលេខ 2-4820 ចូលចតក្នុងហាងខារ៉ាអូខេ

កំពង់ចាម៖ ស្តែងចេញនូវរូបភាពមិនសមរម្យ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសភ្ញៀវដែលបានចូលទៅកម្សាន្តនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ខណៈដែលពួកគេបានប្រទះឃើញរថយន្តសារ៉ែនរបស់អង្គភាពនគរបាលជាតិ បើកចូលទៅចតនៅខាងមុខបន្ទប់ច្រៀងយ៉ាងរំភើប និងភ័យតក់ស្លុត ព្រោះស្មានតែមានបទល្មើស ឬប្រតិបត្តិការក្តៅគគុកណាមួយកើតឡើង។

យោងតាមប្រភពព័ត៌មាន និងរូបភាពដែលបានបែកធ្លាយបានឱ្យដឹងថា រថយន្តបំពាក់សារ៉ែន និងមានផ្លាកលេខស៊ីវិល/រដ្ឋ នគរបាលជាតិ 2-4820 ត្រូវបានគេប្រទះឃើញបើកចូល និងចតនៅក្នុងបរិវេណហាងខារ៉ាអូខេយ៉ាងរំភើប។ សកម្មភាពនេះបានធ្វើឱ្យភ្ញៀវដែលកំពុងច្រៀងរាំកម្សាន្តមានការភិតភ័យ មុននឹងដឹងថាជាការយករថយន្តរដ្ឋមកប្រើប្រាស់ក្នុងប្រយោជន៍ផ្ទាល់ខ្លួន ឬកម្សាន្តសប្បាយទៅវិញ។

ករណីនេះបានចោទជាសំណួរយ៉ាងក្តៅគគុកពីសំណាក់មហាជន តម្រង់ទៅកាន់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថា

តើលោកស្នងការមានទស្សនៈ និងការយល់ឃើញយ៉ាងណាដែរចំពោះទង្វើបែបនេះ?

តើការយករថយន្តផ្លូវការរបស់នគរបាលជាតិ ដែលជាទ្រព្យសម្បត្តិរដ្ឋ និងជាឧបករណ៍សម្រាប់បម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋ មកប្រើប្រាស់ចូលហាងខារ៉ាអូខេបែបនេះ ជារឿងត្រឹមត្រូវដែរឬទេ?

ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ជាពិសេសយានយន្តបម្រើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងផ្លូវផ្ទាល់ខ្លួននៅទីកន្លែងកម្សាន្តរាត្រី គឺជាការរំលោភលើវិន័យកងកម្លាំងនគរបាលជាតិ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើកងកម្លាំងមានសមត្ថកិច្ច។

អាស្រ័យហេតុនេះ មហាជន និងមតិសាធារណៈ សូមស្នើយ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាបើកការស្រាវជ្រាវជាបន្ទាន់ ចាត់វិធានការផ្លូវវិន័យ និងផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទៅលើអ្នកបើកបរ ឬមន្ត្រីដែលស្ពាយឈ្មោះយកយានយន្តរដ្ឋ 2-4820 នេះទៅប្រើប្រាស់ខុសគោលដៅ ដើម្បីពង្រឹងវិន័យកងកម្លាំង និងកសាងទំនុកចិត្តជូនប្រជាពលរដ្ឋឡើងវិញ៕

Scroll to Top