ខេត្តកំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ជុំវិញករណីរថយន្តនគរបាលបំពាក់សារ៉ែនមួយគ្រឿង បានចូលទៅចតនៅក្នុងភោជនីយដ្ឋាននាពេលរាត្រី ដែលបង្កឱ្យមានការសង្ស័យ និងរិះគន់ពីសាធារណជន។
យោងតាមសេចក្តីបកស្រាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានគណនី និងគេហទំព័រព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែករូបភាពរថយន្តបំពាក់សារ៉ែន ពាក់ផ្លាកលេខ នគរបាល 2-4820 ដែលបានឈប់ចតនៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ភ្លាមៗក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណរថយន្តនោះជាបន្ទាន់។ ជាលទ្ធផល បញ្ជាក់ថា រថយន្តសេរ៉ែនខាងលើ គឺជាមធ្យោបាយស្ថិតក្រោមការគ្រប់គ្រងរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
បច្ចុប្បន្ន លោកស្នងការខេត្ត បានចាត់ឱ្យផែនការងារធនធានមនុស្ស កោះហៅ លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ចូលខ្លួនមកធ្វើការបំភ្លឺ និងធ្វើរបាយការណ៍លម្អិតជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តវិធានការបន្តតាមនីតិវិធី និងវិន័យរបស់កងកម្លាំងនគរបាលជាតិ៕


