កំពង់ចាម៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និង៩ខែ ឆ្នាំ២០២៦ ដោយបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ និងទិសដៅការងារសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពសន្តិសុខសង្គមក្នុងខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយផ្តោតលើចំណុចគន្លឹះសំខាន់ៗចំនួន ៤៖១. គ្រប់កងកម្លាំងត្រូវបន្តរក្សាក្រមសីលធម៌ វិជ្ជាជីវៈ ឥរិយាបទសមរម្យ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តម្លាភាព និងទទួលខុសត្រូវខ្ពស់។
២. សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម និងតំបន់កម្សាន្តនានា។
៣. ពង្រឹងការគ្រប់គ្រងដីកាចាប់ខ្លួន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយអនុវត្តវិធានការក្តៅ «ងើបមួយវាយមួយ ងើបពីរវាយពីរ»។
៤. ជំរុញឱ្យមន្ត្រីនគរបាលទាំងអស់បង្កើនការរៀនសូត្រ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើបច្ចុប្បន្នភាពការងារឱ្យទាន់សម័យកាល។
លោកស្នងការបានគូសបញ្ជាក់ថា ការរក្សាបាននូវវឌ្ឍនភាព និងនិរន្តរភាពការងារក្នុងអង្គភាពនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


