ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០» ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍

ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០» ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ខេត្តកំពង់ចាម គឺជា គោលដៅទី៦ ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ។ ផែនការនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រែក្លាយសក្តានុពលធម្មជាតិ និងវប្បធម៌ដែលមានស្រាប់ ឱ្យទៅជាផលិតផលទេសចរណ៍ និងបទពិសោធន៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ខេត្តកំពង់ចាមមានសក្តានុពលទេសចរណ៍ដ៏សសម្បូរបែប រួមមាន៖

១. រមណីយដ្ឋានទេសចរណ៍ចំនួន ១៣កន្លែង ទេសចរណ៍ធម្មជាតិ ៤កន្លែង, ប្រវត្តិសាស្ត្រ ៦កន្លែង និងកែច្នៃ ៣កន្លែង

២. បេតិកភណ្ឌប្រវត្តិសាស្ត្រ មានប្រាសាទបុរាណចំនួន ១៥កន្លែង

៣. ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទ្រទ្រង់ មានសណ្ឋាគារ ១៨កន្លែង, ផ្ទះសំណាក់ ១០៣កន្លែង, ភោជនីយដ្ឋាន ៣៥កន្លែង, អាហារដ្ឋាន ៧៥កន្លែង, ហាងលក់វត្ថុអនុស្សាវរីយ៍ ៧កន្លែង, ផ្សាររាត្រី ១កន្លែង និងសហគមន៍ទេសចរណ៍ ១កន្លែង។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នៅក្នុង ឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសរុប ប្រមាណជាង ៥,១៣លាននាក់ ដែលតួលេខនេះមាន ការកើនឡើង ៤៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា វឌ្ឍនភាពដ៏ឆាប់រហ័សនេះ មិនត្រឹមតែធ្វើឱ្យខេត្តកំពង់ចាមក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា កម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជា ច្រករបៀងតភ្ជាប់យុទ្ធសាស្ត្រ យ៉ាងសំខាន់រវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជាផងដែរ៕

Scroll to Top