ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជារបស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំប្រតិភូចុះពិនិត្យ និងប្រជុំណែនាំដោយផ្ទាល់ដល់តំណាងកាស៊ីណូ «ដាយអឺមិនស្តូន (Diamond Stone)» ដែលមានទីតាំងស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ដើម្បីកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការបញ្ឈប់សកម្មភាពភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត (Online Betting)។
សមាសភាពចូលរួមក្នុងបេសកកម្មនេះ រួមមាន តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
គោលការណ៍ណែនាំ៖ អាជ្ញាធរបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាព ជាពិសេសអាជីវកម្ម Online Betting ដែលគ្មានអាជ្ញាប័ណ្ណ ឬធ្វើប្រតិបត្តិការផ្ទុយពីលក្ខខណ្ឌច្បាប់កំណត់។
តំណាងកាស៊ីណូត្រូវតែបញ្ឈប់ប្រព័ន្ធប្រតិបត្តិការ Online Betting ទាំងស្រុងឱ្យបានមុនដាច់ខែកញ្ញា ឆ្នាំ២០២៦ នេះ និងត្រូវផ្តល់កិច្ចសហការពេញលេញជាមួយសមត្ថកិច្ចក្នុងការចុះត្រួតពិនិត្យទីតាំងជាក់ស្តែង។
ប្រសិនបើម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងនៅតែបន្តលួចលាក់ដំណើរការ ឬមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។
ចាប់ពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ ក្រុមការងារអន្តរក្រសួងនឹងសហការជាមួយគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក), កងកម្លាំងសមត្ថកិច្ច និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការក្តៅស៊ើបអង្កេតតាមបណ្តាក្រុមហ៊ុន និងកាស៊ីណូនានាទូទាំងខេត្តកណ្តាល ដើម្បីធានាថាគ្មានសកម្មភាព Online Betting ខុសច្បាប់បន្តកើតមានទៀតឡើយ។
ចំណាត់ការក្តៅនាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរៀបចំបរិយាកាសអាជីវកម្មឱ្យមានតម្លាភាព និងស្របច្បាប់ទាំងស្រុងនៅក្នុងខេត្តកណ្តាល៕


