អភិបាលស្រុកទ្រាំង នាំយកអំណោយ និងការសួរសុខទុក្ខ ជូនវីរកងទ័ព ២រូបនៅឃុំសំបួរ

អភិបាលស្រុកទ្រាំង នាំយកអំណោយ និងការសួរសុខទុក្ខ ជូនវីរកងទ័ព ២រូបនៅឃុំសំបួរ

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពចំនួន ២រូប ដែលបានឆ្លៀតពេលសម្រាកពីបេសកកម្មមកលេងគេហដ្ឋាន ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនោះ មានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិព្រៃផ្ដៅ។

លោក អ៊ុំ ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងសម្តែងការដឹងគុណចំពោះស្មារតីលះបង់ ការខិតខំប្រឹងប្រែង និងការបំពេញភារកិច្ចរបស់វីរកងទ័ព ក្នុងការការពារជាតិ និងមាតុភូមិ។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ពទាំង ២រូប ដើម្បីជួយសម្រាលជីវភាព និងជាការលើកទឹកចិត្តដល់ការបំពេញភារកិច្ចរបស់ពួកគេផងដែរ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចការពារជាតិ និងសន្តិសុខជូនប្រជាពលរដ្ឋ៕

Scroll to Top