តាកែវ ៖ រសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គ្រួសារលោក ឃី ហាក់ និងគ្រួសារលោក នេន ច្រឹប បានចេញមុខទទួចអង្វរសុំយុត្តិធម៌ឡើងវិញ ជុំវិញភាពមិនប្រក្រតីនៃនីតិវិធីផ្លូវច្បាប់។
ករណីហិង្សានេះ កេីតឡើងកាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រៃមូល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ដោយមានក្រុមជនបង្កចំនួន ៦នាក់ ដឹកនាំដោយឈ្មោះ កាន់ គុណ (រួមមានឈ្មោះ កាន់ កង, កាន់ លេង, វាល់ លឿន, កាន់ ហាន និង កាន់ ហ៊ុន) បានកាន់ កាំបិត ចូលទៅកាប់ប្រហារដល់ក្នុងដីលំនៅឋានរបស់លោក ឃី ហាក់ បណ្តាលឱ្យមនុស្ស ៤នាក់រងរបួសធ្ងន់ និងស្រាល រួមទាំងស្ត្រីមានផ្ទៃពោះ ៩ខែ ម្នាក់ផងដែរ។
ទោះបីជនបង្ករួមដៃគ្នារហូតដល់ ៦នាក់ក៏ដោយ ប៉ុន្តែក្នុងសំណុំរឿងបញ្ជូនទៅតុលាការ បែរជាមានឈ្មោះជនសង្ស័យតែម្នាក់គត់គឺឈ្មោះ កាន់ គុណ ចំណែកបក្ខពួក ៥នាក់ទៀតមិនត្រូវបានដាក់ចូលក្នុងសំណុំរឿងតាមច្បាប់នោះទេ។
លោក ឃី ហាក់ ដែលជាម្ចាស់ផ្ទះ និងជាជនរងគ្រោះការពារខ្លួន បែរជាត្រូវស្ថាប័នមានសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្តោះអាសន្នទៅវិញ។
គ្រួសាររងគ្រោះបានទទួចអង្វរដល់ លោកស្នងការនគរបាលខេត្តតាកែវ, ឯកឧត្តម ព្រះរាជអាជ្ញា, ឯកឧត្តម ប្រធានសាលាដំបូងខេត្តតាកែវ និងក្រសួងយុត្តិធម៌ មេត្តាចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះផងចុះ៕


