ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តមគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់លោកសី ទូច អភិបាលស្រុកកោះញែកនៅយប់ថ្ងៃទី ០៦ ខែកញ្ញាឆ្នាំ២០២៦ និងសហការីបានចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពស្ត្រីរងគ្រោះនៅក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។ លោកអភិបាលស្រុកបានសម្តែង នូវការសោកស្ដាយចំពោះឧប្បហេតុ តែបណ្ដាលឲ្យយុវតីម្នាក់បានស្លាប់បាត់បង់ជីវិត។
លោកអភិបាលស្រុកបានចូលបច្ច័យជាបឋមសម្រាប់ពិធីបុណ្យសពស្ត្រីគ្រោះផងដែរ។ រីឯចំណាត់ការ យ៉ាងណានោះទុកឲ្យសមត្ថកិច្ចជាអ្នកស្រាវជ្រាវបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា ស្ត្រី សាលៀង សាវែន អាយុ១៩ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដួលម៉ូតូបាត់បង់ជីវិតពេលធ្វើដំណើរត្រឡប់ទៅផ្ទះ។
ក្រោយហេតុការណ៍នេះ ប្រជាពលរដ្ឋនិយាយថា ការដួលម៉ូតូរបស់យុវតីខាងលើអាចពាក់ព័ន្ធនឹងការដេញចាប់ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងមានការផ្ទុះអាវុធ។
យ៉ាងណាក៏ដោយ មន្ត្រីឧទ្យានុរក្សបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថា ពួកគេមិនបានដេញចាប់ ឬប្រើប្រាស់អាវុធបាញ់ឡើយ ហើយសកម្មភាពរបស់ក្រុមការងារគឺគ្រាន់តែចុះល្បាត និងអប់រំណែនាំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់ប៉ុណ្ណោះ។
បន្ទាប់ពីមានដំណឹងអំពីការបាត់បង់ជីវិតរបស់ស្ត្រីរូបនេះ នៅវេលាម៉ោងប្រមាណ៤រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាជាច្រើននាក់ ទៅកាន់ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ហើយបានវាយ កម្ទេច ព្រមទាំងដុតបំផ្លាញទីស្នាក់ការ បណ្តាលឱ្យខូចខាត និងឆេះយ៉ាងធ្ងន់ធ្ងរ។
លោក សី ទូច អភិបាលស្រុកកោះញែក បានឱ្យដឹងថា លោកបានទទួលព័ត៌មានអំពីការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំរយ៉ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនេះ។
លោកអភិបាលស្រុកបានបន្តថា ការបាត់បង់សមាជិកគ្រួសារគឺជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារដែលកំពុងកាន់ទុក្ខ ប៉ុន្តែការលើកគ្នាប្រើអំពើហិង្សា វាយ កម្ទេច ឬដុតបំផ្លាញទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់រដ្ឋ គឺជាសកម្មភាពដែលមិនគួរកើតមានឡើយ។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានកង្វល់ ឬមានបញ្ហាពាក់ព័ន្ធនឹងហេតុការណ៍នេះ ស្វែងរកការដោះស្រាយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងនីតិវិធីច្បាប់ ដោយរក្សាសន្តិវិធី និងជៀសវាងការប្រើអំពើហិង្សា។
ចំពោះមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតក៏ដូចជាការអះអាងពាក់ព័ន្ធនឹងការដេញចាប់ និងការផ្ទុះអាវុធ គួររង់ចាំការបញ្ជាក់ និងការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ដើម្បីឱ្យការពិតត្រូវបានបង្ហាញតាមនីតិវិធី។
គូបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៧ខែកញ្ញានេះលោកសី ទូច នឹងដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះញែក ចុះទៅចូលរួមពិធីបុណ្យសពស្ត្រីខាងលើម្ដងទៀតដែលនាំយកនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនថែមទៀត ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព៕


