ត្បូងឃ្មុំ៖ ការសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងនៅជាប់កំពង់ដរកោះសំរោង ស្ថិតក្នុងភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរងការរិះគន់ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញការរំលោភយកដីចំណីទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន។
ទោះបីជាសកម្មភាពសាងសង់ដំណើរការយ៉ាងរលូន និងលេចរូបរាងយ៉ាងច្បាស់ក្រឡែតក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា មិនដែលមានវត្តមានអាជ្ញាធរ ឬមន្ត្រីជំនាញចុះមកទប់ស្កាត់ ឬត្រួតពិនិត្យនោះឡើយ។ កត្តានេះបានចោទការសង្ស័យ និងការរិះគន់ពីសាធារណជនថា នេះជាការអនុវត្តស្តង់ដារពីរ រវាងពលរដ្ឋធម្មតា និងបុគ្គលដែលមានទ្រព្យសម្បត្តិ ឬអំណាច ដែលអាចមើលរំលងបទដ្ឋានគតិយុត្តិ និងច្បាប់ភូមិបាលបានដោយសេរី។
ឆ្លើយតបជុំវិញការសាងសង់ដោយរំលោភបំពាននេះ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានទទួលស្គាល់ថា អាជ្ញាធរមិនដែលមានសិទ្ធិចេញប័ណ្ណកម្មសិទ្ធិ ឬលិខិតអនុញ្ញាតឱ្យសាងសង់សំណង់រឹងមាំលើដីចំណីទន្លេឡើយ ដោយពលរដ្ឋមានត្រឹមសិទ្ធិអាស្រ័យផលបណ្តោះអាសន្នប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមថា៖
«ពាក់ព័ន្ធនឹងការសាងសង់ភូមិគ្រឹះខាងលើ ខាងម្ចាស់ផ្ទះមិនមានសុំច្បាប់មកខាងរដ្ឋបាលស្រុកនោះទេ ខ្ញុំក៏អត់ដឹងដែរ ខ្ញុំនឹងឱ្យមន្ត្រីជំនាញភូមិបាលស្រុកទៅពិនិត្យមើលជាក់ស្ដែង»
ការអះអាងថា «មិនបានដឹង» របស់រដ្ឋបាលស្រុកត្បូងឃ្មុំ លើសំណង់ភូមិគ្រឹះដ៏ធំសម្បើមដែលកំពុងសាងសង់ចំហរចំពោះមុខមហាជនបែបនេះ បានឆ្លុះបញ្ចាំងពីខ្វះខាត និងការធ្លោះធ្លោយយ៉ាងធ្ងន់ធ្ងរក្នុងការគ្រប់គ្រងដែនដីរបស់អាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋបានទទូចសុំឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់សំណង់ ដោយគ្មានការលើកលែង ដើម្បីធានាតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់៕


