ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម

ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម

កំពង់ចាម៖ ដើម្បីជាការលើកទឹកចិត្ត និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលចំពោះគុណបំណាច់ និងការលះបង់ក្នុងការអភិវឌ្ឍធនធានមនុស្ស នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ សាលាខេត្តកំពង់ចាម បានរៀបចំ «ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម»។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកអប់រំសរុបជិត ៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តមបានគូសបញ្ជាក់ថា គ្រឿងឥស្សរិយយសដែលទទួលបាននាពេលនេះ គឺជាសក្ខីភាពជាក់ស្តែងដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណបំណាច់ ស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់បុគ្គលិកអប់រំទាំងអស់ ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមឱ្យមានការរីកចម្រើនជាលំដាប់។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបន្តថា គ្រឿងឥស្សរិយយសនាពេលនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្ត និងជាការរំលឹកឱ្យរួមគ្នាបន្តបេសកកម្មអប់រំកូនចៅជំនាន់ក្រោយប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យបុគ្គលិកអប់រំទាំងអស់បន្តពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសម័យកាល និងទិសដៅកំណែទម្រង់វិស័យអប់រំផងដែរ៕

Scroll to Top