រឿងអាស្រូវសំណុំរឿងគ្រឿងញៀន៖ អតីតមេប៉ុស្តិ៍ចំបក់ទម្លាយភាពមិនប្រក្រតី ក្រោយត្រូវផ្ទេរភារកិច្ច 

រឿងអាស្រូវសំណុំរឿងគ្រឿងញៀន៖ អតីតមេប៉ុស្តិ៍ចំបក់ទម្លាយភាពមិនប្រក្រតី ក្រោយត្រូវផ្ទេរភារកិច្ច 

 

ខេត្តតាកែវ៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀនកាលពី ១ ឆ្នាំមុន បានបែកធ្លាយភាពមិនប្រក្រតីរហូតឈានដល់ការផ្ទេរភារកិច្ចមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំបក់ចំនួន ៣ រូប ឱ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ករណីនេះ បានធ្វើឱ្យលោក មាន វុត្ថា អតីតមេប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ចេញមុខរៀបរាប់ជាសាធារណៈលើបណ្តាញសង្គម ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារឱ្យអតីតថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុកបាទីចេញមុខទទួលខុសត្រូវ។

លោក មាន វុត្ថា បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍របស់លោកបានចុះបង្ក្រាបករណីគ្រឿងញៀននៅផ្ទះសំណាក់ «រក្សា ពេជ្រ» ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់ រួមមាន៖ ឈ្មោះ អូន ណារ៉ាក់ ភេទប្រុសអាយុ ២៥ ឆ្នាំ ឈ្មោះ មាន មករា ភេទប្រុស អាយុ ២៥ ឆ្នាំ និងឈ្មោះ វណ្ណៈ តុងហេង ភេទប្រុស អាយុ ១៩ ឆ្នាំ ព្រមទាំងដកហូតបានម្សៅក្រាមសង្ស័យជាសារធាតុញៀន ១ កញ្ចប់ និងទូរសព្ទដៃ ៣ គ្រឿង។ បន្ទាប់មក វត្ថុតាង និងជនសង្ស័យទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីចាត់ការបន្ត។

យ៉ាងណាមិញ នីតិវិធីបន្តបែរជាមានភាពមិនប្រក្រតី ដោយជនសង្ស័យឈ្មោះ មាន មករា ត្រូវបានដោះលែងឱ្យមានសេរីភាព ចំែណកឈ្មោះ អូន ណារ៉ាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ។ លុះក្រោយមក នៅពេលមានការបែកធ្លាយព័ត៌មានរឿងអាស្រូវនេះ ទើបខាងភាគីអធិការដ្ឋានបានទៅនាំខ្លួនឈ្មោះ អូន ណារ៉ាក់ ពីមណ្ឌលកែប្រែ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តតាកែវវិញ។ អតីតមេប៉ុស្តិ៍រូបនេះបានបន្ថែមថា មុនពេលក្រុមការងារអធិការកិច្ចថ្នាក់លើចុះមកស្រាវជ្រាវ ខាងអធិការដ្ឋានបានណែនាំឱ្យលោកឆ្លើយភូតភរថា ជនសង្ស័យឈ្មោះ មាន មករា បាន រត់រួចពីប៉ុស្តិ៍ ដោយសារខ្នោះដៃមានតែមួយ អាចដាក់បានតែ ២ នាក់ប៉ុណ្ណោះ។ កាលណោះ ភាគីអធិការដ្ឋានបានអះអាង នឹងទទួលខុសត្រូវទាំងស្រុងប្រសិនបើមានបញ្ហាអ្វីកើតឡើង។

ទោះជាយ៉ាងណា ក្រោយបញ្ចប់ការអធិការកិច្ច លោក និងមន្ត្រីក្រោមឱវាទ ២ រូបទៀត បែរជាត្រូវថ្នាក់លើសម្រេចផ្ទេរភារកិច្ចទៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៅវិញ ដែលធ្វើឱ្យលោកមិនសុខចិត្ត ដែលរងភាពអយុត្តិធម៌យ៉ាងខ្លាំង។

ជុំវិញរឿងរ៉ាវនេះ លោក មាន វុត្ថា បានស្នើសុំឱ្យលោក ឆាយ កែវមុន្នី អតីតអធិការនគរបាលស្រុកបាទី និងលោក ហួត សៅគុណ អធិការរងទទួលផែនគ្រឿងញៀន ចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់ និងថ្នាក់លើ ព្រោះការបំភ្លឺកន្លងមកគឺលោកឆ្លើយតាមតែការបង្គាប់បញ្ជារបស់លោកទាំងពីរនាក់ប៉ុណ្ណោះ។

ជុំវិញករណីនេះ លោក ឆាយ កែវមុន្នី អតីតអធិការស្រុកបាទី មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ចំណែកលោក ហួត សៅគុណ អធិការរងនគរបាលស្រុកបាទីបានបញ្ជាក់យ៉ាងខ្លីថា រូបលោកមានថ្នាក់ដឹកនាំ និងមេកើយ ដូច្នេះលោកមិនអាចធ្វើអ្វីដោយគ្មានបញ្ជានោះឡើយ៕

Scroll to Top