ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យដំណាំពោតជាង ៣០០ហិកតារបស់ពលរដ្ឋនៅស្រុកកំពង់សៀម ដែលរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ

ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យដំណាំពោតជាង ៣០០ហិកតារបស់ពលរដ្ឋនៅស្រុកកំពង់សៀម ដែលរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ

ខេត្តកំពង់ចាម៖ ឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយសារទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម។

តាមការចុះពិនិត្យ និងប្រមូលទិន្នន័យបឋមនៅទីតាំងជាក់ស្តែង បានបង្ហាញថា ទឹកជំនន់បានបំផ្លាញផលដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ដោយក្នុងនោះ ដំណាំពោត គឺជាមុខសញ្ញារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ លើផ្ទៃដីដាំដុះសរុបជាង ៣០០ហិកតា។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម មិនទុកឱ្យប្រជាពលរដ្ឋរងគ្រោះនៅឯកោឡើយ។ បច្ចុប្បន្ន រដ្ឋបាលខេត្តបានបញ្ជាឱ្យមន្ត្រីជំនាញកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ប្រញាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យនៃការខូចខាតនៅទូទាំងខេត្តឱ្យបានច្បាស់លាស់ និងឆាប់រហ័សបំផុត ដើម្បី៖

*. វាយតម្លៃទំហំផលប៉ះពាល់ ស្វែងយល់ពីតម្រូវការចាំបាច់ចំពោះមុខរបស់ប្រជាកសិករ។

*. រៀបចំកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ ដោយត្រៀមស្នើសុំជំនួយជាស្បៀងអាហារ ដើម្បីសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ។

*. ស្តារផលិតកម្មឡើងវិញ ដោយស្នើសុំពូជដំណាំពីខាងក្រសួង ឬស្ថាប័នពាក់ព័ន្ធ សម្រាប់ផ្តល់ជូនកសិករបង្កបង្កើនផលឡើងវិញ ក្រោយពេលទឹកស្រកផុត។

ការចុះបេសកកម្មផ្ទាល់នាពេលនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តកំពង់ចាម ក្នុងការតាមដានសភាពការណ៍គ្រោះមហន្តរាយធម្មជាតិ និងជាការស្វែងរកដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយសង្គ្រោះ និងស្តារជីវភាពប្រជាកសិករឱ្យរចនាឡើងវិញបានឆាប់រហ័ស៕

Scroll to Top