តាកែវ៖ បន្ទាប់ពីទទួលបានការណែនាំពីលោកស្រី ម៉ន រចនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ ឱ្យអាណាព្យាបាលក្មេងស្រីអនីតិជនទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋានជាមុនសិន ពាក់ព័ន្ធនឹងករណីអះអាងថា ក្មេងស្រីរងការជេរប្រមាថពីស្ត្រីម្នាក់នោះ អាណាព្យាបាលបានអនុវត្តតាមការណែនាំ ដោយទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។
តាមការអះអាងរបស់អាណាព្យាបាល បន្ទាប់ពីទទួលពាក្យបណ្តឹង សាលាឃុំព្រែកផ្ទោលបានបញ្ជូនសំណុំរឿងបន្តទៅរដ្ឋបាលស្រុកអង្គរបូរី ដើម្បីពិនិត្យ និងដោះស្រាយតាមនីតិវិធី។
យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ អាណាព្យាបាលអះអាងថា មិនទាន់ទទួលបានចំណាត់ការឬដំណោះស្រាយពីរដ្ឋបាលស្រុកអង្គរបូរីនៅឡើយទេ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អាណាព្យាបាលក្មេងស្រី ដែលរងការជេរប្រមាថបានទៅស្នើសុំអន្តរាគមន៍ពីមន្ទីរកិច្ចការនារីខេត្តតាកែវ ដោយអះអាងថា កន្លងមកបានស្វែងរកការដោះស្រាយនៅមូលដ្ឋាន ប៉ុន្តែមិនទទួលបានលទ្ធផលតាមការរំពឹងទុក។
ពេលនោះ លោកស្រី ម៉ន រចនា បានណែនាំថា មន្ទីរកិច្ចការនារីខេត្តមានតួនាទីផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងណែនាំនីតិវិធីដល់ជនរងគ្រោះ ឬអាណាព្យាបាល ខណៈការទទួល និងដោះស្រាយពាក្យបណ្តឹង ត្រូវអនុវត្តតាមស្ថាប័នដែលមានសមត្ថកិច្ច។
ដោយអនុវត្តតាមការណែនាំ អាណាព្យាបាលបានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំព្រែកផ្ទោល ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមគ្រួសារអះអាងថា នៅមិនទាន់មានចំណាត់ការពីរដ្ឋបាលស្រុកអង្គរបូរីនៅឡើយ។
អាណាព្យាបាលក្មេងស្រី ដែលមានជីវភាពខ្វះខាត និងមិនសូវយល់ដឹងពីនីតិវិធីច្បាប់ បានសំណូមពរដល់លោកស្រី ម៉ន រចនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ មេត្តាជួយសម្របសម្រួល ឬអន្តរាគមន៍តាមតួនាទី ដើម្បីឱ្យករណីរបស់ក្មេងស្រីរងគ្រោះត្រូវបានពិនិត្យ និងដោះស្រាយសមស្របតាមនីតិវិធី ដោយមិនធ្វើឱ្យក្រុមគ្រួសារត្រូវធ្វើដំណើរទៅមកជាច្រើនលើក។
ជុំវិញករណីនេះ មិនទាន់មានការបញ្ជាក់ពីរដ្ឋបាលស្រុកអង្គរបូរីអំពីមូលហេតុដែលមិនទាន់មានចំណាត់ការ ឬលទ្ធផលនៃការពិនិត្យសំណុំរឿងនៅឡើយទេ៕


