តាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកផ្ទោល និងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ កំពុងសម្តែងការព្រួយបារម្ភ និងសម្តែងការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះវិបត្តិអសន្តិសុខក្នុងមូលដ្ឋាន បន្ទាប់ពីករណីចោរកម្មបានកើតឡើងយ៉ាងអណាធិបតេយ្យ ប៉ុន្តែចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានបែរជាមានភាពយឺតយ៉ាវ និងខ្វះការទទួលខុសត្រូវ។
ដើមហេតុដែលធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង គឺនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ នៅពេលដែលប្រជាពលរដ្ឋបានរួមគ្នាចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងសកម្មភាពចោរលួច រួចនាំយកទៅប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន។ ទោះជាយ៉ាងណា ពេលទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរឃុំ ពលរដ្ឋបែរជាជួប «ទ្វារបិទ ឬគ្មានមន្ត្រីប្រចាំការ» ដើម្បីទទួលបណ្តឹង និងចាត់ការភ្លាមៗនោះឡើយ។
ដោយសារគ្មានជម្រើស និងបារម្ភខ្លាចជនសង្ស័យរត់រួច ពលរដ្ឋបានសម្រេចចិត្តដឹកជនសង្ស័យទាំង ២នាក់ បន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដោយផ្ទាល់។ ពួកគាត់បានអះអាងថា ទាល់តែមានការស្រែកហៅ និងតវ៉ាយ៉ាងខ្លាំង ទើបមានមន្ត្រីចេញមកទទួលយកជនសង្ស័យ និងឆ្លើយតបថានឹងចាត់ការតាមនីតិវិធី។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋលើកជាសំណួរជូរចត់ថា «តើការបង្ក្រាបបទល្មើសជាតួនាទីរបស់ប្រជាពលរដ្ឋ ឬជាតួនាទីរបស់សមត្ថកិច្ច?»
រាលដាលដល់ទីអារាម៖ ឈើធ្វើព្រះវិហារបាត់ជាង ២ម៉ែត្រគូប គ្មានតម្រុយ
បញ្ហាចោរកម្មនៅក្នុងឃុំទាំងពីរនេះ មិនត្រឹមតែកើតឡើងលើទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដូចជាការលួចម៉ាស៊ីនបូមទឹក និងគាស់ផ្ទះប៉ុណ្ណោះទេ សូម្បីតែទីអារាមដែលជាទីគោរពសក្ការៈ ក៏មិនត្រូវ បានលើកលែងដែរ។
ព្រះចៅអធិការវត្តភ្នំដា (ស្ថិតក្នុងឃុំគោកធ្លក) បានមានព្រះសង្ឃដីកាថា ក្នុងមួយខែៗ មានករណីចោរចូលលួចទ្រព្យសម្បត្តិក្នុងវត្តពី ៤ ទៅ ៥លើក។ ព្រះអង្គបានបន្ថែមដោយការសោកស្តាយថា សូម្បីតែឈើដែលញាតិញោមបរិច្ចាគទិញទុកសាងសង់ព្រះវិហារ ចំនួនជាង ២ម៉ែត្រគូប ក៏ត្រូវចោរលួចបាត់ស្រមោលដែរ។ ទោះជាបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចរាល់ហើយក្តី ក៏រហូតមកទល់ពេលនេះ មិនទាន់មានតម្រុយ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនៅឡើយ។
ដោយសារតែការរាយការណ៍ និងការដាក់ពាក្យបណ្តឹងនៅថ្នាក់ប៉ុស្តិ៍រដ្ឋបាលមិនទទួលបានលទ្ធផល ពលរដ្ឋជាច្រើនត្រូវខាតបង់ពេលវេលាធ្វើដំណើរទៅអន្តរាគមន៍ដល់ថ្នាក់ស្រុក។
ករណីនេះ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងមូលដ្ឋាន បានទទូចស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលសកម្មភាពការងាររបស់សមត្ថកិច្ចមូលដ្ឋានស្រុកអង្គរបូរីឡើងវិញ ជាពិសេស៖
១. ការពង្រឹងមន្ត្រីប្រចាំការ ២៤/៧ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។
២. ការបង្កើតសកម្មភាពល្បាតឱ្យបានញឹកញាប់ និងមានប្រសិទ្ធភាព។
៣. ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសឱ្យមានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋឡើងវិញ៕


