ខេត្តតាកែវ៖ ប្រជាពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានឃុំព្រែកផ្ទោល និងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានបង្ហាញការព្រួយបារម្ភ និងរិះគន់ចំពោះសកម្មភាពចោរហារយ ដែលត្រូវបានអះអាងថា កំពុងកើតមានជាញឹកញាប់ បង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបាត់បង់ទ្រព្យសម្បត្តិ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សកម្មភាពលួចមានទាំងការលួចម៉ាស៊ីនបូមទឹក ការគាស់ផ្ទះ និងលួចទ្រព្យសម្បត្តិផ្សេងៗ ហើយត្រូវបានរាយការណ៍ថា កើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន។
មិនត្រឹមតែផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែទីអារាមក៏ត្រូវបានអះអាងថា ក្លាយជាគោលដៅរបស់ក្រុមជនសង្ស័យផងដែរ។
ព្រះសង្ឃ និងព្រះចៅអធិការវត្តភ្នំដា ស្ថិតក្នុងឃុំគោកធ្លក បានមានព្រះសង្ឃដីកាថា ក្នុងមួយខែ មានករណីចោរលួចទ្រព្យសម្បត្តិក្នុងវត្តប្រមាណ ៤ ទៅ ៥លើក។ ករណីមួយចំនួនត្រូវបានរាយការណ៍ទៅសមត្ថកិច្ចរួចហើយ ប៉ុន្តែពុំទាន់ឃើញមានលទ្ធផលច្បាស់លាស់ក្នុងការកំណត់អត្តសញ្ញាណ ឬឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅឡើយ។
ប្រភពដដែលបានអះអាងថា ក្រុមជនសង្ស័យហាក់ដូចជាមានការឃ្លាំមើលសកម្មភាពនៅជុំវិញវត្ត ហើយនៅពេលមានការធ្វេសប្រហែស ពួកគេអាចឆ្លៀតឱកាសចូលលួចទ្រព្យសម្បត្តិបាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់ថា ការរាយការណ៍ករណីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងពីរ ហាក់មិនទាន់ទទួលបានចំណាត់ការដែលពួកគាត់រំពឹងទុក ខណៈអ្នករងគ្រោះមួយចំនួនត្រូវធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងបន្តនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
ពលរដ្ឋបានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យឡើងវិញ និងពង្រឹងការល្បាត ការស៊ើបអង្កេត និងការបង្ក្រាបបទល្មើសនៅតំបន់ដែលត្រូវបានរាយការណ៍ថា មានសកម្មភាពលួចកើតឡើងជាញឹកញាប់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ពួកគាត់ក៏បានចោទជាសំណួរថា តើចំណាត់ការរបស់សមត្ថកិច្ចនៅឯណា ដើម្បីធានាឱ្យគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» អាចអនុវត្តបានជាក់ស្តែង និងធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងការរស់នៅ?៕


