នាយរងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រងបណ្តឹងនៅតុលាការ ពីបទប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើភរិយា

នាយរងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រងបណ្តឹងនៅតុលាការ ពីបទប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើភរិយា

ខេត្តរតនគិរី៖ ស្ត្រីឈ្មោះ សូ សម្ផស្ស អាយុ ៤៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានដាក់ពាក្យប្តឹងប្តីរបស់ខ្លួនគឺ លោក គង់ គួន អាយុ ៥១ឆ្នាំ មានតួនាទីជានាយរងការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ទៅកាន់សាលាដំបូងខេត្តរតនគិរី ពីបទប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃមកលើរូបនាង បណ្តាលឱ្យមានស្នាមជាំ និងរបួសជាច្រើនកន្លែងលើរាងកាយ។

បើយោងតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា នាងបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយលោក គង់ គួន នៅឆ្នាំ២០២១ និងមានកូនប្រុសម្នាក់ជាចំណងដៃ។ ប៉ុន្តែអំឡុងពេលរស់នៅជាមួយគ្នា ប្តីរបស់នាងតែងតែប្រើអំពើហិង្សាលើរូបនាងជាញឹកញាប់ ដោយសារតែជំពាក់វក់វីនឹងល្បែងស៊ីសងគ្រប់ប្រភេទ។ ដោយទ្រាំទ្រនឹងទារុណកម្មមិនបាន នាងក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងសុំលែងលះតាមផ្លូវតុលាការ។

ស្ត្រីរងគ្រោះបានបន្តទៀតថា កាលពីលើកទី១ ក្រោយពេលនាងប្តឹង រួចតុលាការខេត្តរតនគិរីបានចេញដីកាឱ្យចាប់ខ្លួនប្តីរូបនេះ នាងក៏បានទៅដកពាក្យបណ្តឹងវិញ ដោយសារប្តីបានមកសំពះអង្វរ និងលុតជង្គង់ទទួលស្គាល់កំហុសដល់បាតជើង។ ដោយក្តីអាណិត និងគិតថាប្តីអាចកែប្រែខ្លួន ទើបនាងយល់ព្រមរួមរស់ជាមួយគ្នាវិញ។ តែផ្ទុយទៅវិញ ក្រោយមកប្តីរបស់នាងបែរជាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃធ្ងន់ធ្ងរជាងមុនទៅទៀត ទើបនាងសម្រេចចិត្តប្តឹងទៅសាលាដំបូងខេត្តរតនគិរីជាលើកទីពីរ។

នៅក្នុងពាក្យបណ្តឹងលើកទីពីរនេះ ស្ត្រីរងគ្រោះមិនទាមទារសំណងរដ្ឋប្បវេណីអ្វីឡើយ ប៉ុន្តែ៖

សុំឱ្យសាលាដំបូងខេត្តរតនគិរី អនុវត្តទោសតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់លើបុគ្គលឈ្មោះ គង់ គួន។

ស្នើសុំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការវិន័យ និងផ្លូវច្បាប់ចំពោះមន្ត្រីរូបនេះ ដើម្បីធ្វើជាគំរូ និងកុំឱ្យមន្ត្រីផ្សេងទៀតយកតម្រាប់តាម អំពីការប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ និងរំលោភបំពានលើប្រពន្ធកូន។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក គង់ គួន ដែលជាចុងបណ្តឹង។ លោកបានទទួលស្គាល់ថា ភរិយាស្របច្បាប់របស់លោក ពិតជាបានប្តឹងរូបលោកទៅសាលាដំបូងខេត្តចំនួន ២លើកពិតមែន ប៉ុន្តែលោកបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា បានប្រើអំពើហិង្សាលើភរិយា។

លោក គង់ គួន បានបកស្រាយថា ចំពោះការដែលលោកទៅសំពះអង្វរភរិយានោះ គឺគ្រាន់តែអង្វរសុំទៅផឹកស្រាតែប៉ុណ្ណោះ ហើយលោកមិនបានវាយដំឱ្យមានស្នាមជាំលើរាងកាយនាងឡើយ។ លោកថែមទាំងបានលើកឡើងថា ភរិយារបស់លោកមានប្តីច្រើន ទើបលោកមិនដឹងថាជាស្នាមរបួសបង្កឡើងដោយប្តីមួយណាឡើយ។ ទោះជាយ៉ាងណា ចំពោះកូនប្រុសអាយុជិត ៤ឆ្នាំ លោកបានទទួលស្គាល់ថាមកពីដំណក់ឈាមរបស់លោកពិតប្រាកដមែន។

ដោយឡែក លោក មឿង ខេម នាយការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលជាថ្នាក់ដឹកនាំផ្ទាល់ បានឱ្យដឹងថា លោក គង់ គួន ពិតជារងបណ្តឹងពីប្រពន្ធមែន ប៉ុន្តែនេះជារឿងបុគ្គល។ អ្នកណាប្រព្រឹត្តខុស ច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនពាក់ព័ន្ធដល់អង្គភាពនោះឡើយ។ ប៉ុន្តែទង្វើនេះវាប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ហើយរឿងនេះទុកឱ្យអគ្គស្នងការដ្ឋាន និងក្រសួងមហាផ្ទៃជាអ្នកពិនិត្យ និងសម្រេចតាមនីតិវិធី៕

Scroll to Top