មន្ត្រីនគរបាលស្រុកបាទីម្នាក់ រងការចោទប្រកាន់ថាបោះបង់កូនស្រី និងខកខានកាតព្វកិច្ចផ្គត់ផ្គង់ បន្ទាប់ពីមានទំនាក់ទំនងស្នេហា

មន្ត្រីនគរបាលស្រុកបាទីម្នាក់ រងការចោទប្រកាន់ថាបោះបង់កូនស្រី និងខកខានកាតព្វកិច្ចផ្គត់ផ្គង់ បន្ទាប់ពីមានទំនាក់ទំនងស្នេហា

តាកែវ៖ ករណីស្ត្រីម្នាក់បានអះអាងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីនគរបាលស្រុកបាទី រហូតទទួលបានកូនស្រីម្នាក់ ប៉ុន្តែត្រូវរ៉ាប់រងបន្ទុកចិញ្ចឹមកូនតែម្នាក់ឯង ត្រូវបានមហាជនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យមើលការទទួលខុសត្រូវ ផ្នែកវិន័យ និងក្រមសីលធម៌នៃកងកម្លាំងនគរបាលជាតិ។

យោងតាមការរៀបរាប់របស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នាង និងលោក ឃុត ចិត្រា ដែលជាអធិការរងនគរបាលស្រុកបាទី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នារយៈពេលប្រមាណ ៥ឆ្នាំ និងមានកូនស្រីម្នាក់ជាចំណងដៃ។ ស្ត្រីរូបនេះបន្តថា លោក ឃុត ចិត្រា ធ្លាប់បានសន្យាទទួលខុសត្រូវ និងបានជួយឧបត្ថម្ភជីវភាពក្នុងអំឡុងឆ្នាំដំបូង ប៉ុន្តែក្រោយមកបានខកខានការផ្គត់ផ្គង់អស់រយៈពេលជិត ៤ឆ្នាំមកហើយ។

ប្រភពដដែលបានបញ្ជាក់ថា ដោយសារបច្ចុប្បន្នត្រូវរ៉ាប់រងការចំណាយជាច្រើន រួមមាន ថ្លៃផ្ទះជួល ថ្លៃមើលថែកូន និងការហូបចុកប្រចាំថ្ងៃ ដោយមិនអាចចេញទៅធ្វើការបាន នាងបានព្យាយាមទាក់ទងស្វែងរកដំណោះស្រាយជាច្រើនលើកតែមិនទទួលបានលទ្ធផល។

លុះដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ត្រីរូបនេះបានធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីប្រឈមមុខដោះស្រាយដោយផ្ទាល់។ ប៉ុន្តែ នាងបានអះអាងថា ពេលទៅដល់ទីនោះ នាងត្រូវរងការប្រមាថមើលងាយដោយពាក្យសម្តីយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រពន្ធ និងម្តាយក្មេករបស់លោក ឃុត ចិត្រា។ ហេតុការណ៍នេះ បានធ្វើឱ្យនាងមានវិប្បដិសារី និងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង រហូតនាំកូនស្រីឡើងទៅលើស្ពានជ្រោយចង្វារ ដែលបង្កការព្រួយបារម្ភពីសាធារណជនចំពោះសុវត្ថិភាពរបស់អ្នកទាំងពីរ។

ជុំវិញករណីនេះ អាជ្ញាធរ និងប្រធានអង្គភាពពាក់ព័ន្ធបានផ្តល់ការបញ្ជាក់ផ្សេងៗគ្នា៖

លោក មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានថ្លែងថា ករណីនេះជារឿងរ៉ាវផ្ទាល់ខ្លួន ហើយទុកឱ្យភាគីពាក់ព័ន្ធធ្វើការដោះស្រាយដោយខ្លួនឯង។

លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានបញ្ជាក់ថា លោកបានទទួលជ្រាបព័ត៌មាននេះហើយ ដោយទុកលទ្ធភាពជូនប្រធានអង្គភាពសាម៉ី ពិនិត្យ និងដោះស្រាយទៅតាមវិន័យកងកម្លាំង។ ជាមួយគ្នានេះ លោកបានបន្ថែមថា អាជ្ញាធរនឹងបន្តតាមដានស្ថានភាពផ្លូវចិត្ត និងសុវត្ថិភាពរបស់ម្តាយ និងកូនស្រីរូបនេះ ដើម្បីចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង។

ករណីខាងលើនេះ បាន និងកំពុងរង់ចាំការបកស្រាយបន្ថែមពីសាម៉ីខ្លួន លោក ឃុត ចិត្រា ក៏ដូចជាការឆ្លើយតបជាផ្លូវការពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តតាកែវ ថាតើនឹងមានវិធានការអធិការកិច្ច ផ្នែកវិន័យ ឬក្រមសីលធម៌ ឬយ៉ាងណានោះទេ?៕

Scroll to Top