ខេត្តកំពត៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងម៉ឺងម៉ាត់ ផ្ទុយទៅវិញ សង្វៀនល្បែងស៊ីសងជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង កំពុងតែបើកដំណើរការយ៉ាងអាណាធិបតេយ្យ និងចំហ និងគ្មានការញញើតច្បាប់បន្តិចសោះ នៅចំណុចភូមិតេជោអង្កាញ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត (តំបន់តាកែនកោះស្លា)។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទម្លាយថា សង្វៀនល្បែងស៊ីសងដុះស្លែមួយនេះ ត្រូវបានគេស្គាល់ថា មានបុគ្គលឈ្មោះ «ត្រា» ជាម្ចាស់ និងជាអ្នកកៀបស៊ីលើការភ្នាល់ទឹកប្រាក់ចាប់ពី ១,០០០ ដុល្លារ ទៅដល់ ៥,០០០ ដុល្លារ ក្នុងមួយគូៗ។ រៀងរាល់ថ្ងៃ មានក្រុមអ្នកលេងល្បែងប្រមូលផ្តុំគ្នាយ៉ាងអ៊ូអររហូតដល់រាប់រយនាក់ មធ្យោបាយធ្វើដំណើរចេញចូលយ៉ាងអនាធិបតេយ្យ ដែលសកម្មភាពទ្រង់ទ្រាយធំបែបនេះ មិនអាចលាក់បាំងភ្នែកសមត្ថកិច្ចមូលដ្ឋានបានឡើយ។
តើអាជ្ញាធរ និងសមត្ថកិច្ចស្រុកឈូក «ភ្នែកខ្វាក់ ត្រចៀកថ្លង់» ឬមួយក៏ត្រូវថ្នាំសម្រួលពីម្ចាស់សង្វៀន? សកម្មភាពមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ជារៀងរាល់ថ្ងៃ មិនមែនជាម្ជុលជ្រុះក្នុងចង្រ្កានបាយឡើយ។ ការដែលអាជ្ញាធរ និងនគរបាលមូលដ្ឋានបណ្តែតបណ្តោយឱ្យកើតមានឡើងបែបនេះ បង្ហាញយ៉ាងច្បាស់ពី «អសមត្ថភាព» ក្នុងការគ្រប់គ្រងដែនដី ឬមួយក៏កំពុងអាស្រ័យផល «បាយបិណ្ឌក្រោមបាតជើង» ពីម្ចាស់សង្វៀនឈ្មោះ ត្រា នេះ?
ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងការខកចិត្តរបស់ប្រជាពលរដ្ឋ អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កំពុងកើនឡើងជាលំដាប់ដោយសារតែល្បែងស៊ីសងមួយនេះ។ ប្រជាពលរដ្ឋអស់ជំនឿចិត្តយ៉ាងខ្លាំងលើអាជ្ញាធរស្រុកឈូក ដែលអសកម្ម គ្មានឆន្ទៈក្នុងការការពារសុវត្ថិភាពជូនរាស្ត្រ និងហាក់បីដូចជាកំពុងបើកដៃឱ្យក្រុមល្មើសច្បាប់ជិះសេះលែងដៃ។
ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀត ចំពោះ លោកស្នងការនគរបាលខេត្តកំពត និង លោកអភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយបើកការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ និងចាត់កម្លាំងជំនាញថ្នាក់ខេត្ត ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់នៅតំបន់តាកែនកោះស្លានេះដោយផ្ទាល់ ដោយមិនត្រូវពឹងផ្អែកលើរបាយការណ៍បិទបាំងរបស់អាជ្ញាធរស្រុកឈូកនោះឡើយ ព្រមទាំងត្រូវពិនិត្យមើលភាពមិនប្រក្រតី និងអនុវត្តវិន័យលើមន្ត្រីអាជ្ញាធរណាដែលអសកម្ម ឬមានការពាក់ព័ន្ធពីក្រោយខ្នងសង្វៀនខុសច្បាប់មួយនេះផងដែរ។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕


