ក្រសួងមហាផ្ទៃ និង ACU ចុះអធិការកិច្ច ២ថ្ងៃនៅសាលាស្រុកអង្គរបូរី ក្រោយមានការចោទប្រកាន់ពីការទារប្រាក់ខុសច្បាប់

ក្រសួងមហាផ្ទៃ និង ACU ចុះអធិការកិច្ច ២ថ្ងៃនៅសាលាស្រុកអង្គរបូរី ក្រោយមានការចោទប្រកាន់ពីការទារប្រាក់ខុសច្បាប់

ខេត្តតាកែវ៖ ពាក់ព័ន្ធនឹងការអនុវត្តតួនាទីរបស់មន្ត្រីមួយរូបនៅរដ្ឋបាលស្រុកអង្គរបូរី កំពុងទទួលបានការចាប់ អារម្មណ៍ពីសាធារណជន បន្ទាប់ពីមានការរាយការណ៍ថា ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកអង្គរបូរី រយៈពេល២ថ្ងៃ ពាក់ព័ន្ធនឹងការអនុវត្តតួនាទីរបស់លោក ហង្ស វិច្ឆិការាស្សី។

ការចុះអធិការកិច្ចនេះ តាមប្រភពថា ធ្វើឡើងស្របពេលមានការលើកឡើង និងចោទប្រកាន់ពីប្រជាពលរដ្ឋ និងអាជីវករមួយចំនួន ពាក់ព័ន្ធនឹងការទាមទារប្រាក់ក្រៅនីតិវិធី។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិន ទាន់មានលទ្ធផលផ្លូវការណាមួយបញ្ជាក់ថា ការចោទ ប្រកាន់ទាំងនេះមានការពិត ឬមានបុគ្គលណាម្នាក់បានប្រព្រឹត្តបទល្មើសនោះឡើយ។

ការចុះពិនិត្យរបស់ស្ថាប័នជំនាញ បានបង្កើតជាសំណួរជាច្រើនថា តើការត្រួតពិនិត្យនេះ នឹងផ្តោតតែលើការ អនុវត្តការងាររបស់លោក ហង្ស វិច្ឆិការាស្សី ឬក៏នឹងពិនិត្យដល់ប្រព័ន្ធគ្រប់គ្រង ការទទួលខុសត្រូវ និងតួនាទីរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកអង្គរបូរីផងដែរ?

ជាមួយគ្នានេះ ក៏មានការចោទសួរពីមជ្ឈដ្ឋានប្រជាពលរដ្ឋថា តើលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការទារប្រាក់ ឬអំពើពុករលួយដែលកំពុងត្រូវបានលើកឡើងដែរឬទេ?

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជីវករមួយ ចំនួន បានអះអាងថា កន្លងមក អ្នកសាងសង់ផ្ទះថ្មី ឬអ្នកជួសជុល និងកែលម្អផ្ទះចាស់ អាចត្រូវបានទាមទារឱ្យបង់ប្រាក់មួយចំនួនក្រៅពីនីតិវិធីដែលបានកំណត់។ ការលើកឡើងនេះបានធ្វើឱ្យមានការស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យឱ្យបានច្បាស់ថា ប្រាក់ទាំងនោះមានមូលដ្ឋានច្បាប់ ឬជាការទាមទារដែលមិនស្របតាមនីតិវិធី។

មិនត្រឹមតែប៉ុណ្ណោះ អាជីវករមួយចំនួនក៏បានអះអាងថា ពួកគេត្រូវបានទាមទារឱ្យបង់ប្រាក់ជាប្រចាំខែ ហើយប្រសិនបើមិនអនុវត្តតាមការទាមទារ អាចប្រឈមនឹងសម្ពាធពាក់ព័ន្ធនឹងអាជ្ញាបណ្ណ ឬការបន្តប្រកបអាជីវកម្ម។

ការលើកឡើងទាំងនេះ ប្រសិនបើពិតប្រាកដ គឺជាបញ្ហាដែលត្រូវការការបញ្ជាក់យ៉ាងម៉ត់ចត់ ព្រោះការប្រមូល ឬទាមទារប្រាក់ពីប្រជាពលរដ្ឋ និងអាជីវករ ត្រូវតែមានមូលដ្ឋានច្បាស់លាស់ និងស្របតាមនីតិវិធីដែលបានកំណត់។

ស្របពេលដែលរដ្ឋបាលស្រុកអង្គរបូរី កំពុងជំរុញការពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ការចោទប្រកាន់ខាងលើបានធ្វើឱ្យប្រជាពលរដ្ឋមួយ ចំនួនមានការព្រួយបារម្ភ និងចង់ឃើញការបំភ្លឺឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យការចោទប្រកាន់ក្លាយជាការ យល់ច្រឡំ ឬបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ។

ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានអំពាវនាវឱ្យរដ្ឋបាលខេត្តតាកែវ ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បន្តពិនិត្យ និងស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដោយផ្តោតលើប្រភពនៃការទាមទារប្រាក់ បែបបទនៃការប្រមូលប្រាក់ អ្នកដែលទទួលផល ព្រមទាំងការប្រើប្រាស់ប្រាក់ទាំងនោះ ដើម្បីបញ្ជាក់ការពិត និងផ្តល់ចម្លើយជូនសាធារណជន។

ជុំវិញករណីនេះ សាធារណជនកំពុងរង់ចាំលទ្ធផលពីការចុះអធិការកិច្ចរយៈពេល២ថ្ងៃរបស់ស្ថាប័នពាក់ព័ន្ធ ថាតើការចោទប្រកាន់ពីការទារប្រាក់ក្រៅនីតិវិធី មានមូលដ្ឋានពិតប្រាកដកម្រិតណា ហើយប្រសិនបើរកឃើញភាពមិនប្រក្រតី តើនឹងមានវិធានការយ៉ាងដូចម្តេច? ៕

Scroll to Top