កំពង់ចាម៖ «កងកម្លាំងនគរបាលយើង ត្រូវបន្តលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត ឧត្តមភាព កិត្តិយស និងប្រសិទ្ធភាពការងារ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនជាតិ និងប្រជាពលរដ្ឋ» នេះជាការគូសបញ្ជាក់របស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៦ ព្រមទាំងពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការចង្អុលបង្ហាញ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុកទាំង១០ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០៩ និងមន្ត្រីនគរបាលដែលទទួលឋានន្តរសក្តិថ្មី។
នៅក្នុងឱកាសនោះ លោកស្នងការបានដាស់តឿនឱ្យកងកម្លាំងទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកបានពាំនាំនូវអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មកផ្សព្វផ្សាយ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួន ៥ ចំណុច៖
១. បង្ក្រាបបទល្មើសបច្ចេកវិទ្យា៖ បន្តស្រាវជ្រាវ និងក្តាប់សកម្មភាពស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។
២. ជំរុញចលនាសហគមន៍៖ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព»។
៣. ក្តាប់សភាពការណ៍សន្តិសុខ៖ បង្កើនការតាមដានមុខសញ្ញាបង្កចលាចលសង្គម ចោរកម្ម ក្មេងទំនើង បទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ដើម្បីដាក់ចេញវិធានការបង្ការ និងបង្ក្រាបឱ្យទាន់ពេលវេលា។
៤. រឹតបន្តឹងច្បាប់ចរាចរណ៍៖ បន្តផ្សព្វផ្សាយច្បាប់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងសម្រួលការកកស្ទះនៅតាមគោលដៅប្រឈម ដើម្បធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
៥. ត្រៀមសង្គ្រោះ ២៤/៧៖ ត្រៀមកម្លាំង និងមធ្យោបាយអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានអគ្គិភ័យ ឬគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់)៕


