កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ

កោះញែក៖ រោងសិប្បកម្មអារជ្រៀកឈើយ៉ាងសកម្មតើមានអ្នកណាហ៊ានចុះពិនិត្យឬទេ? ខណៈអាជ្ញាធរចង្អុលដាក់ជំនាញ

មណ្ឌលគិរី៖ សកម្មភាពអាជីវកម្មអារជ្រៀក និងកែច្នៃឈើនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងតែបង្កឱ្យមានការចោទសួរយ៉ាងខ្លាំងពីសាធារណជនជុំវិញភាពស្របច្បាប់នៃប្រភពឈើ និងការអនុវត្តច្បាប់របស់មន្ត្រីជំនាញនៅក្នុងមូលដ្ឋាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានឱ្យដឹងថា រោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ស្ថិតក្នុងភូមិអបួនលើ ឃុំអបួន និងឃុំស្រែសង្គម ស្រុកកោះញែក កំពុងតែដំណើរការអាជីវកម្មយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ សិប្បកម្មទាំងនោះត្រូវបានគេរាយការណ៍ថា មានម្ចាស់ទីតាំងដែលស្គាល់ឈ្មោះដូចជា៖ ឈ្មោះ ដានី និងសឹង, ជាងណាក់, អាខៃ, អាហុង, អាខេង, គ្រូហៃ, ចែដៀង, យួន (នៅផ្ទះតាសេង) និងជាងរ៉ា ជាដើម។

ពាក់ព័ន្ធនឹងករណីនេះ មានការចោទសួរអំពីប្រភពដើមនៃឈើដែលកំពុងយកមកអារជ្រៀកទាំងនោះថា តើមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬបានមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារ? ដោយសារទីតាំងសិប្បកម្មទាំងនោះ ស្ថិតនៅក្បែរតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ងាយរងគ្រោះពីបទល្មើសព្រៃឈើ។

ឆ្លើយតបជុំវិញបញ្ហានេះ អាជ្ញាធរស្រុកកោះញែកបានគូសបញ្ជាក់ថា ការគ្រប់គ្រង និងត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើ គឺជាសមត្ថកិច្ចផ្ទាល់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហើយការបើកដំណើរការទីតាំងទាំងនោះទៀតសោត ក៏ស្ថិតក្រោមការអនុញ្ញាតពីផ្នែកជំនាញមេព្រៃផងដែរ។

មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានអំពាវនាវយ៉ាងទទូចដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងមតិមហាជន៖

បើមានច្បាប់អនុញ្ញាត ត្រូវបង្ហាញភស្តុតាង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ ដើម្បីតម្លាភាព។

បើរកឃើញល្មើសច្បាប់ ត្រូវចាត់វិធានការបង្ក្រាប និងអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន ដោយមិនត្រូវទុកឱ្យភាពស្ងៀមស្ងាត់បង្កើតជាមន្ទិលសង្ស័យនោះឡើយ។

រហូតមកដល់ពេលនេះ អង្គភាពព័ត៌មានយើងរង់ចាំការបកស្រាយ និងបកស្រាយបំភ្លឺបន្ថែមពីខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកកោះញែក និងអាជ្ញាធរខេត្តមណ្ឌលគិរី រៀងរាល់ម៉ោងធ្វើការ៕

Scroll to Top