ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីក្នុងការទិញបង្គោលភ្លើងសូឡាតម្លៃ ៨លានរៀលក្នុងមួយដើម នៅឃុំទឹកហូត ស្រុករលៀប្អៀរ

ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីក្នុងការទិញបង្គោលភ្លើងសូឡាតម្លៃ ៨លានរៀលក្នុងមួយដើម នៅឃុំទឹកហូត ស្រុករលៀប្អៀរ

ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយទទួលស្គាល់ថា មានភាពមិនប្រក្រតីកើតឡើងក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំង រួមទាំងគម្រោងទិញបង្គោល និងអំពូលសូឡានៅឃុំទឹកហូត ស្រុករលៀប្អៀរ ដែលមានតម្លៃរហូតដល់ ៨.០០០.០០០រៀល (៨លានរៀល) ក្នុងមួយដើម ដែលជាតម្លៃខ្ពស់ជាងទីផ្សារយ៉ាងខ្លាំង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ក្រសួងបានចាត់មន្ត្រីជំនាញចុះពិនិត្យ និងស៊ើបអង្កេតស្រាវជ្រាវភ្លាមៗ។ ជាលទ្ធផល ក្រសួងបានរកឃើញភាពមិនប្រក្រតីនៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំចំនួន ៥ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះរួមមានទាំងរដ្ឋបាលឃុំទឹកហូតផងដែរ។

ជុំវិញករណីនេះ ក្រសួងមហាផ្ទៃបានណែនាំទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងអំពើគប់គិតគ្នា រៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំទាំង ៥ ខាងលើ ដោយមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីកំណត់។ ក្រសួងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា មន្ត្រីពាក់ព័ន្ធត្រូវតែប្រឈមមុខនឹងវិធានការកែតម្រូវ និងវិធានការផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។

ការរកឃើញនេះបានដាស់អារម្មណ៍ និងបង្កឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជននៅលើបណ្តាញសង្គម។ សាធារណជនបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋានមួយចំនួន ដែលបានប្រព្រឹត្តអំពើពុករលួយ និងគប់គិតគ្នាកេងបន្លំថវិកាជាតិ ដែលជាថវិកាសម្រាប់អភិវឌ្ឍន៍ភូមិឃុំ។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ការទិញបង្គោលភ្លើងសូឡាក្នុងតម្លៃរហូតដល់ ៨លានរៀល (ប្រមាណ ២,០០០ដុល្លារ) ក្នុងមួយដើម គឺជាតម្លៃថ្លៃហួសហេតុ និងជាភស្តុតាងច្បាស់ក្រឡែតនៃអំពើពុករលួយ និងការកេងចំណេញពីថវិកាកសាងជាតិ។

សាធារណជនមិនចង់ឃើញត្រឹមតែ «ការកែតម្រូវ ឬព្រមាន» នោះទេ ប៉ុន្តែទាមទារឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីខិលខូចទាំងនោះ ដើម្បីកុំឱ្យកើតមានគំរូអាក្រក់តទៅទៀត។

ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះការអន្តរាគមន៍រហ័សរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែបានស្នើឱ្យបន្តពិនិត្យមើលគម្រោងមូលនិធិឃុំ-សង្កាត់ផ្សេងទៀតនៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ។

ក្រសួងមហាផ្ទៃក៏បានថ្លែងអំណរគុណដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានចូលរួមតាមដាន និងរាយការណ៍អំពីភាពមិនប្រក្រតីទាំងនេះ ដែលជាភាគទានយ៉ាងសំខាន់ក្នុងការជួយពង្រឹងភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

Scroll to Top