ក្រសួងយុត្តិធម៌ឆ្លើយតបសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ថាមិនមានសមត្ថកិច្ចកែប្រែសាលដីកាស្ថាពររបស់តុលាការទេ!

ក្រសួងយុត្តិធម៌ឆ្លើយតបសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ថាមិនមានសមត្ថកិច្ចកែប្រែសាលដីកាស្ថាពររបស់តុលាការទេ!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយលិខិតផ្លូវការរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបចំពោះសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល។

ក្នុងលិខិតឆ្លើយតប ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រោយពីក្រសួងបានពិនិត្យ និងសិក្សាឯកសារពាក់ព័ន្ធយ៉ាងហ្មត់ចត់ មិនរកឃើញភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងដំណើរការជំនុំជម្រះក្តីក្នុងសំណុំរឿងរបស់លោក រ៉ុង ឈុន នោះឡើយ។

ក្រសួងយុត្តិធម៌បញ្ជាក់ថា ការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់ ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ រហូតដល់តុលាការកំពូល ត្រូវបានអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

ក្នុងការឆ្លើយតបនេះ ក្រសួងយុត្តិធម៌បានគូសបញ្ជាក់លើចំណុចសំខាន់ៗចំនួន៣៖

*ទី១៖ ការធានាសិទ្ធិការពារខ្លួន

ក្នុងគ្រប់ដំណាក់កាលនៃនីតិវិធី លោក រ៉ុង ឈុន ត្រូវបានធានាសិទ្ធិការពារខ្លួនតាមច្បាប់ ដោយមានមេធាវីចូលរួម និងមានសិទ្ធិប្តឹងតវ៉ាតាមនីតិវិធីច្បាប់ រហូតដល់តុលាការកំពូល។

*ទី២៖ ក្រសួងយុត្តិធម៌មិនមានសមត្ថកិច្ចកែប្រែ ឬទម្លាក់ចោលទោសដែលតុលាការសម្រេចជាស្ថាពរ

ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ខ្លួនមិនមានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការកែប្រែ ឬទម្លាក់ចោលទោសដែលតុលាការបានសម្រេចជាស្ថាពររួចហើយនោះទេ។ ដូច្នេះ ការអនុវត្តសាលដីកាស្ថាពររបស់តុលាការ ត្រូវធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

*ទី៣៖ មានផ្លូវច្បាប់សម្រាប់ការសើរើ ប្រសិនបើមានអង្គហេតុ ឬភស្តុតាងថ្មី

ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ប្រសិនបើលោក រ៉ុង ឈុន មានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលអាចបង្ហាញអំពីភាពស្អាតស្អំរបស់លោក លោកអាចអនុវត្តសិទ្ធិតាមផ្លូវច្បាប់ តាមរយៈការដាក់បណ្តឹងសើរើទៅតុលាការកំពូលដោយផ្ទាល់។

ជាមួយគ្នានេះ ឯកឧត្តម កើត រិទ្ធ បានរំលឹកអំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ។ ការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់បុគ្គលម្នាក់ៗ ត្រូវស្ថិតក្នុងក្របខណ្ឌដែលច្បាប់បានកំណត់ និងមិនត្រូវប៉ះពាល់ដល់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃឡើយ។

គួរបញ្ជាក់ថា តាមខ្លឹមសារដែលបានលើកឡើងក្នុងលិខិតឆ្លើយតប សាលដីកាស្ថាពររបស់តុលាការកំពូល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់ទោសពន្ធនាគារ ៤ឆ្នាំ របស់លោក រ៉ុង ឈុន ប៉ុន្តែបានសម្រេចព្យួរទោសសាកល្បង និងកែប្រែទោសបន្ថែម ពីការដកហូតជាស្ថាពរ មកជាការដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ និងសិទ្ធិធ្វើសកម្មភាពនយោបាយនានា សម្រាប់រយៈពេល ៥ឆ្នាំ។

នេះជាជំហរឆ្លើយតបផ្លូវការរបស់ក្រសួងយុត្តិធម៌ ចំពោះសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដោយក្រសួងបានបញ្ជាក់ពីដែនសមត្ថកិច្ចរបស់ខ្លួន និងបានចង្អុលបង្ហាញពីនីតិវិធីផ្លូវច្បាប់ដែលអាចអនុវត្តបាន ក្នុងករណីមានអង្គហេតុ ឬភស្តុតាងថ្មីតាមការកំណត់របស់ច្បាប់៕

Scroll to Top