បច្ចុប្បន្នភាពក្តៅៗ៖ ជំងឺគ្រុនឈាមផ្ទុះឡើងនៅកោះសូទិន មានអ្នកជំងឺសរុប ៣៣២នាក់! អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការបន្ទាន់

បច្ចុប្បន្នភាពក្តៅៗ៖ ជំងឺគ្រុនឈាមផ្ទុះឡើងនៅកោះសូទិន មានអ្នកជំងឺសរុប ៣៣២នាក់! អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការបន្ទាន់

កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម និងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

បើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ ហើយគិតមកដល់ពេលនេះ មានអ្នកជំងឺសរុបចំនួន ៣៣២នាក់។ ក្នុងចំណោមនេះ មានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៥៨នាក់ អ្នកជំងឺថ្មីចំនួន ១៨នាក់ អ្នកជំងឺបានជាសះស្បើយចំនួន ២៤៨នាក់ និងមានអ្នកជំងឺចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងបានណែនាំដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេស និងវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តពង្រឹងការងារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលុបបំបាត់ជម្រកមូសខ្លា ជាពិសេសការកម្ចាត់ទឹកដក់នៅជុំវិញលំនៅឋាន និងរក្សាអនាម័យបរិស្ថានឱ្យបានជាប្រចាំ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម។ ក្នុងករណីមានរោគសញ្ញាសង្ស័យ គួរប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលាផងដែរ៕

Scroll to Top