ទោះបីជាការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានសម្រេចជោគជ័យយ៉ាងណាក្តី អាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តចាត់វិធានការម៉ឺងម៉ាត់ ក្នុងការការពារដីសាធារណៈរបស់រដ្ឋប្រកបដោយចីរភាព
កំពង់ចាម៖ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់ បរិស្ថានល្អ និងចីរភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រកាសជំហរយ៉ាងរឹងមាំក្នុងការគ្រប់គ្រង និងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ រួមមាន ដីចំណីទន្លេ ព្រែក និងបឹងបួរ មិនឱ្យមានការរំលោភបំពានឡើយ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ដើម្បីត្រួតពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅលើរបាយការណ៍ស្ថានភាពកាន់កាប់ដីចំណីប្រភពទឹកក្នុងភូមិសាស្ត្រខេត្ត។
ដើម្បីធានាប្រសិទ្ធភាពការងារ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនូវអនុសាសន៍សំខាន់ៗចំនួន ៣៖
១. ពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែង៖ សិក្សាលើបទបង្ហាញបច្ចេកទេសឱ្យបានលម្អិត និងចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៃការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរតាមមូលដ្ឋាន។
២. កំណត់ព្រំ និងទប់ស្កាត់ការទន្ទ្រាន៖ បោះបង្គោល ឬកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរំលោភបំពានកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់។
៣. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ៖ ជំរុញការផ្សព្វផ្សាយអំពីច្បាប់រៀបចំដែនដី និងផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានដីចំណីទឹក មកលើប្រព័ន្ធបង្វែរទឹកធម្មជាតិ និងបរិស្ថាន។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ជាចុងក្រោយថា ថ្វីត្បិតតែខេត្តកំពង់ចាមទទួលបានជោគជ័យ ក្នុងការចុះបញ្ជី និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចរាល់ក៏ដោយ ក៏អាជ្ញាធរខេត្តមិនបន្ធូរដៃឡើយ ហើយនឹងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រង និងការពារដីសាធារណៈរបស់រដ្ឋឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ៕


