ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រៀមរួចរាល់ ១០០% ក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់សម័យប្រឡងបាក់ឌុប ឆ្នាំ២០២៦

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រៀមរួចរាល់ ១០០% ក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់សម័យប្រឡងបាក់ឌុប ឆ្នាំ២០២៦

កំពង់ចាម៖ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពរលូនជុំវិញដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំយ៉ាងម៉ឺងម៉ាត់ អំពីផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

លោកស្នងការបានបញ្ជាក់ថា គ្រប់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ជាស្រេចទាំងកម្លាំង និងមធ្យោបាយ ដើម្បីបំពេញភារកិច្ចដ៏មានសារៈសំខាន់មួយនេះ។

វិធានការគន្លឹះ និងការបែងចែកភារកិច្ចសំខាន់ៗ៖

១, បញ្ជាការដ្ឋាននីមួយៗត្រូវបានបែងចែក និងចាត់តាំងភារកិច្ចច្បាស់លាស់តាមតួនាទីទទួលខុសត្រូវ ដើម្បីត្រៀមអន្តរាគមន៍បានទាន់ពេលវេលា។

២, រៀបចំសម្រួលចរាចរណ៍ចាប់តាំងពីមុនថ្ងៃប្រឡង រហូតដល់បញ្ចប់ការប្រឡងជាស្ថាពរ នៅតាមបរិវេណមណ្ឌលប្រឡង និងតាមដងផ្លូវសាធារណៈ។

៣, ពង្រឹងសន្តិសុខនៅតាមមណ្ឌលប្រឡង ទីកន្លែងកម្សាន្ត ព្រមទាំងទីកន្លែងស្នាក់នៅរបស់បេក្ខជន គណៈមេប្រយោគ និងអាណាព្យាបាលដែលបានអញ្ជើញមកអមដំណើរ។

ទន្ទឹមនឹងនេះ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់អាណាព្យាបាល និងក្មួយៗបេក្ខជនទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ទាំងស្មារតី សុខភាព និងសម្ភារសិក្សា ព្រមទាំងចូលរួមគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងកំហុសឆ្គងដោយប្រការណាមួយ។

ជាទីបញ្ចប់ លោកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានផ្ញើសារជូនពរយ៉ាងជ្រាលជ្រៅដល់បេក្ខជនទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នាក្នុងសម័យប្រឡងនាពេលខាងមុខនេះ៕

fb img 1786001016576 fb img 1786001013828 fb img 1786001010855 fb img 1786001008291 fb img 1786001005749 fb img 1786001003290 fb img 1786000998200 fb img 1786000995854 fb img 1786000993505 fb img 1786000990812 fb img 1786000987429 fb img 1786000985006 fb img 1786000982639 fb img 1786000980217 fb img 1786000977547 fb img 1786000974883 fb img 1786000971874

Scroll to Top