ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាណោចអាធ័មមួយបានកើតឡើងនៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ «តាថាច យាយចន្ថា» ស្ថិតក្នុងភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរថយន្តដឹកខ្សាច់មួយគ្រឿងបានបុក និងកិនក្មេងប្រុសម្នាក់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិនាំយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេក។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានលើកឡើងថា សកម្មភាពនៃការបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងការរត់មិនរៀបរយនៃក្រុមរថយន្តដឹកខ្សាច់នៅតំបន់ជាយក្រុងតាខ្មៅ បានក្លាយជាបិសាចជញ្ជក់ឈាមបង្កគ្រោះថ្នាក់ និងឆក់យកជីវិតអ្នកដំណើរជាញឹកញាប់។
ទន្ទឹមនឹងនេះ មហាជន និងអ្នកស្រុកក្នុងមូលដ្ឋានបានអំពាវនាវ និងទទូចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ បង្កើនការត្រួតពិនិត្យល្បឿន និងបច្ចេកទេសនៃរថយន្តធុនធ្ងន់ទាំងនោះ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗនៅលើដងផ្លូវឱ្យមានប្រសិទ្ធភាពជាងមុន។
ការបាត់បង់ជីវិតកុមារជាទំពាំងស្នងឫស្សី និងជាសេចក្តីសង្ឃឹមរបស់គ្រួសារ។ ការបាត់បង់ជីវិតក្នុងវ័យក្មេងខ្ចីដោយសារតែភាពធ្វេសប្រហែសនៃការបើកបរ គឺជាការបាត់បង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។
អាជីវកម្មដឹកជញ្ជូន និងអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវបើកបរក្នុងល្បឿនលឿន ឬខ្វះការប្រុងប្រយ័ត្ននៅតំបន់ប្រជុំជន ជិតផ្សារ ឬសាលារៀនឡើយ។
វិធានការរដ្ឋបាល និងការរឹតបន្តឹងច្បាប់ចរាចរណ៍ មិនអាចមើលរំលងបានឡើយ។ ការចុះត្រួតពិនិត្យជាប្រចាំ គឺជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុ និងបង្កើតសុវត្ថិភាពជូនសហគមន៍៕


