Update៖ មហាជនទាមទារយុត្តិធម៌! ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តទំនើប បុកអ្នកអូសរទេះអេតចាយស្លាប់កុមារីម្នាក់ រួចរត់គេចខ្លួនបាត់ស្រមោលនៅក្រុងតាខ្មៅ

Update៖ មហាជនទាមទារយុត្តិធម៌! ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តទំនើប បុកអ្នកអូសរទេះអេតចាយស្លាប់កុមារីម្នាក់ រួចរត់គេចខ្លួនបាត់ស្រមោលនៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ អំពើអយុត្តិធម៌ និងការមើលងាយជីវិតមនុស្សក្រីក្រ បានស្តែងឡើងយ៉ាងច្បាស់ម្តងទៀត តាមរយៈគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តទំនើបម៉ាក Mercedes-Benz ពាក់ផ្លាកលេខ កម្ពុជា JEC.SENG បានបុកអ្នកអូសរទេះអេតចាយ យ៉ាងពេញទំហឹង បណ្តាលឱ្យកុមារីម្នាក់អាយុទើបតែ ១៣ឆ្នាំ ត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្វីដែលធ្វើឱ្យសាធារណជនក្តៅក្រហាយបំផុតនោះគឺ ក្រោយកើតហេតុ ជនបង្កបានបង្ហាញចរិតអមនុស្សធម៌ គ្មានសេចក្តីថ្លៃថ្នូរ និងគ្មានការទទួលខុសត្រូវ ដោយបានរត់គេចខ្លួនបាត់ស្រមោល និងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដើម្បីយករួចខ្លួន។

សំណួរសួរទៅកាន់អាជ្ញាធរ តើច្បាប់មានមុខមាត់ និងអំណាចដែរឬទេ?

សូមរំលឹកផងដែរថា កាលពីសប្តាហ៍មុន ស្ត្រីម្នាក់ដែលជាកូនអ្នកមានអំណាច (ឧកញ៉ា) បានបើករថយន្តបុកគេស្លាប់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែដោយសារមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់បណ្តាញសង្គម ទើបជំរុញឱ្យសមត្ថកិច្ចចាត់ការយ៉ាងក្តៅគគុក រហូតដល់ជនបង្កចូលសារភាព។ ផ្ទុយទៅវិញ ករណីបុកកុមារីអូសរទេះអេតចាយស្លាប់នៅក្រុងតាខ្មៅនេះ ហាក់បីដូចជាមានបំណង «ពន្លត់រឿងឱ្យស្ងប់ស្ងាត់» ដោយមានប្រភពលេចឮថា ភាគីជនបង្កកំពុងរត់ការសម្របសម្រួលបញ្ចប់រឿងនៅក្រៅប្រព័ន្ធតុលាការ ដើម្បីគេចចេញពីសំណាញ់ច្បាប់។

ប្រភពពីប្រជាពលរដ្ឋបានរិះគន់ថា «ការស្វែងរកអត្តសញ្ញាណម្ចាស់រថយន្តតាមរយៈផ្លាកលេខពិសេសបែបនេះ មិនមែនជារឿងពិបាកនោះឡើយសម្រាប់សមត្ថកិច្ច! អ្វីដែលសំខាន់ តើអាជ្ញាធរមានឆន្ទៈ និងតម្លាភាពក្នុងការផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះក្រីក្រ ឬមួយក៏ត្រូវចាញ់កម្លាំងអំណាច និងទឹកប្រាក់?»

មានការអះអាងថា ម្ចាស់រថយន្តទំនើបនេះអាចពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងក្រុងតាខ្មៅ ដែលកំពុងប្រើប្រាស់ខ្នងបង្អែកដើម្បីបិទបាំងបទល្មើសរបស់ខ្លួន។

សូមរំលឹកថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ មិនអាចរួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយគ្រាន់តែបង់ប្រាក់សំណងរដ្ឋប្បវេណីនោះឡើយ»។

អាស្រ័យហេតុនេះ មហាជន និងគ្រួសារសព សូមអំពាវនាវយ៉ាងទទូចចំពោះសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្តាល មេត្តាវះកាត់ និងតាមចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់ជាធរមានឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការយោគយល់ ឬលើកលែងឡើយ។

សូមអំពាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ មេត្តាតាមដានសំណុំរឿងនេះដោយផ្ទាល់ ដើម្បីកុំឱ្យប្រាក់ ឬអំណាច អាចទិញយុត្តិធម៌ និងជីវិតរបស់កុមាររងគ្រោះបាន៕

«នៅក្រោមមេឃតែមួយ តើច្បាប់ និងយុត្តិធម៌ មានសម្រាប់តែអ្នកក្រីក្រ ឬក៏ស្មើភាពគ្នាពិតប្រាកដ?»

មហាជនទូទាំងប្រទេសកំពុងរង់ចាំមើលចំណាត់ការប្រកបដោយតម្លាភាពពីសំណាក់សមត្ថកិច្ច ដើម្បីកសាងជំនឿទុកចិត្តលើប្រព័ន្ធច្បាប់ឡើងវិញ!

img 20260804 102301 018 img 20260804 102305 112 img 20260803 124708 207 img 20260803 124708 012 img 20260803 121848 745 img 20260803 121848 813 img 20260803 121848 984 img 20260804 111516 421 img 20260804 111516 883

Scroll to Top