ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ចុះសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋ។
ពិធីដ៏អធិកអធមនេះ បានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីសរុបចំនួន ២,៣០៦ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋមកពីឃុំចំនួន៣ ក្នុងស្រុកខ្សាច់កណ្តាល រួមមាន ឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ដើម្បីធានានូវកម្មសិទ្ធិស្របច្បាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ដើម្បីធានាឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន គ្មានការកកស្ទះ និងមានសុវត្ថិភាពកម្រិតខ្ពស់បំផុត កងកម្លាំងនគរបាលខេត្តកណ្តាលបានដាក់ចេញនូវផែនការការពារយ៉ាងម៉ត់ចត់ និងប្រចាំការសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមយ៉ាងកកកុញ ដោយស្នាមញញឹម និងបរិយាកាសរីករាយក្រៃលែង៕


