រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញវិធានការក្ដៅ ណែនាំឱ្យពង្រឹងការត្រួតពិនិត្យផលិតផលបង្កក-ត្រជាក់ និងទំនិញក្លែងក្លាយខុសច្បាប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញវិធានការក្ដៅ ណែនាំឱ្យពង្រឹងការត្រួតពិនិត្យផលិតផលបង្កក-ត្រជាក់ និងទំនិញក្លែងក្លាយខុសច្បាប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវសេចក្ដីណែនាំបន្ទាន់មួយ លេខ ០១០/២៦ សណន ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ គ្រប់គ្រងទីតាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កក ផលិតផលត្រជាក់ ព្រមទាំងទប់ស្កាត់ការនាំចូលទំនិញក្លែងក្លាយខុសច្បាប់នានា ដែលកំពុងចរាចរលើទីផ្សារ។

យោងតាមសេចក្ដីណែនាំ រដ្ឋបាលខេត្តបានសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ មានការធ្វើចរាចរណ៍ផលិតផលបង្កក ផលិតផលត្រជាក់ និងទំនិញក្លែងក្លាយមួយចំនួន ដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា រួចបន្តចែកចាយតាមបណ្ដាខេត្តនានា រួមទាំងខេត្តកំពង់ចាមផងដែរ។ ការនាំចូល និងចែកចាយទំនិញខុសច្បាប់ និងខ្វះគុណភាពទាំងនោះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យសុខភាពសាធារណៈ ដោយសារតែការដឹកជញ្ជូន ការរក្សាទុក និងការចែកចាយបន្ត ពុំទាន់បានត្រឹមត្រូវទៅតាមលក្ខណៈស្តង់ដារបច្ចេកទេស។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ក្រុមការងារចំពោះកិច្ច អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជីវករទាំងអស់ ត្រូវអនុវត្តនូវវិធានការសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

១. ការពិនិត្យប្រភព និងឯកសារច្បាប់៖

រាល់ផលិតផលគ្រប់ប្រភេទដែលនាំចូលពីបរទេស និងផលិតក្នុងប្រទេស រួមមានសាច់បង្កក ផលិតផលត្រជាក់ និងទំនិញផ្សេងៗ ត្រូវតែធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់អំពី៖ ប្រភពដើមនៃទីតាំងផលិត, ម៉ាកយីហោ, និងកាលបរិច្ឆេទកំណត់។ ម្ចាស់អាជីវកម្មលក់ដុំ-រាយ និងចែកចាយទាំងអស់ ត្រូវរក្សាទុកនូវឯកសារទិញ-លក់ និងឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីបង្ហាញជូនមន្ត្រីជំនាញដែលមានសមត្ថកិច្ចពេលចុះត្រួតពិនិត្យ។

២. ការទប់ស្កាត់ទំនិញក្លែងក្លាយ៖

ត្រូវធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់រាល់ទំនិញ ដើម្បីចៀសវាងទំនិញក្លែងក្លាយ ដែលមានលក្ខណៈសង្កេតឃើញដូចជា៖ ការវេចខ្ចប់ផលិតផលមិនត្រឹមត្រូវ, ការបរិយាយបំភ័ន្តភ្នែក, ក្លែងបន្លំប្រភព (មិនបានបញ្ជាក់អំពីអាជ្ញាប័ណ្ណនៃការផលិត ឬអាសយដ្ឋានផលិត)…។

៣. ការត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសដឹកជញ្ជូន និងសីតុណ្ហភាព៖

ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់លើការដឹកជញ្ជូនសាច់បង្កក និងផលិតផលត្រជាក់ រួមមាន៖ លិខិតអនុញ្ញាតដឹកជញ្ជូន, រយៈពេលដឹកជញ្ជូន, និងមធ្យោបាយដឹកជញ្ជូន។ យោងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីអនាម័យម្ហូបអាហារសម្រាប់មនុស្ស សីតុណ្ហភាពនៃការរក្សាទុកត្រូវកំណត់ជា ២ លក្ខណៈគឺ៖

សីតុណ្ហភាពសម្រាប់អាហារបង្កក៖ ត្រូវរក្សាសីតុណ្ហភាពចាប់ពី (-២០ អង្សាសេ ដល់ -១២ អង្សាសេ) ដោយសំដៅលើប្រភេទសាច់សត្វស្រស់ ឬផលិតផលបបរហាក់ប្រហែល ដែលត្រូវរក្សាទុកកុំឱ្យមានការរលាយជាដាច់ខាត។

សីតុណ្ហភាពសម្រាប់អាហារត្រជាក់៖ ត្រូវរក្សាសីតុណ្ហភាពចាប់ពី (២ អង្សាសេ ដល់ ៨ អង្សាសេ) ដោយសំដៅលើផលិតផលត្រជាក់ ដែលត្រូវកែច្នៃប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ត្រី សាច់ និងបន្លែបង្ការផ្សេងៗ។

(បញ្ជាក់៖ ការរក្សាទុក និងការដឹកជញ្ជូនទាំងអស់ត្រូវធានាអនាម័យត្រឹមត្រូវ និងមានរបៀបរៀបរយរាល់ពេលធ្វើចរាចរណ៍ពីកន្លែងមួយទៅកន្លែងមួយ)។

៤. ការគ្រប់គ្រង និងចុះកិច្ចសន្យាទីតាំងអាជីវកម្ម៖

អាជ្ញាធរក្រុង-ស្រុក ត្រូវធានាឱ្យបាននូវរាល់ទីតាំងអាជីវកម្មដែលមានការស្តុកទុក ចែកចាយផលិតផលបង្កក និងផលិតផលត្រជាក់ (ទាំងលក់ដុំ និងលក់រាយ) ត្រូវតែធ្វើកិច្ចសន្យាបញ្ជាក់ឱ្យបានច្បាស់លាស់អំពីឧបករណ៍ សម្ភាររក្សាទុកផលិតផល ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូចដែលបានកំណត់ក្នុងចំណុចទី៣ ខាងលើ។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីទទួលសេចក្ដីណែនាំនេះ ក្រុមការងារចំពោះកិច្ច, អាជ្ញាធរពាក់ព័ន្ធ, ម្ចាស់ទីតាំងអាជីវកម្មលើផលិតផលបង្កក និងត្រជាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងលុបបំបាត់ទំនិញខុសច្បាប់ក្នុងខេត្តទាំងមូល៕

img 20260720 183125 235 img 20260720 183125 502

Scroll to Top