ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ២០២៦នេះ មានសេចក្តីរាយការណ៍បឋមថា រថយន្តធុនធំ១គ្រឿង ដែលគេសង្ស័យថាកំពុងដឹកបារីម៉ាក DUNHILL ធ្វើ ដំណើរតាមផ្លូវឆ្ពោះទៅតំបន់ប៉ុស្តិ៍អូរហ៊ុច ដោយមានការលើកឡើងថា អាចមានគោលដៅឆ្ពោះទៅកាន់ព្រំដែនប្រទេសវៀតណាម។ ទោះជាយ៉ាងណា រថយន្តបានជួបគ្រោះថ្នាក់ក្រឡាប់ បណ្តាលឱ្យទំនិញខ្ចាត់ខ្ចាយនៅ កន្លែងកើតហេតុ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមានការអះអាងពីអ្នកនៅកន្លែងកើតហេតុថា នៅក្នុងបារីខ្លះ គេសង្កេតឃើញមានវត្ថុតូចៗពណ៌ខ្មៅស្ថិតនៅខាងក្នុង ដែលមិនទាន់អាចបញ្ជាក់បានថា ជាសារធាតុ ឬវត្ថុអ្វីនោះទេ។ ដូច្នេះ មិនគួរសន្និដ្ឋានជាមុនឡើយ ព្រោះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ឬស្ថាប័នជំនាញ។
ជាមួយគ្នានេះផងដែរ មកទល់ពេលនេះអ្នកកាសែតនៅមិនទាន់អាចបញ្ជាក់បានថា ទំនិញខាងលើជាការដឹកជញ្ជូនស្របច្បាប់ ឬមិនស្របច្បាប់ ហើយមានក្រុមហ៊ុនណាជាម្ចាស់ ឬអត់នោះទេ។ ព័ត៌មានទាំងនេះត្រូវការការស៊ើបអង្កេត និងការបំភ្លឺពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាមុនសិន។
អង្គភាពសារព័ត៌មានសូមអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យ ស្រាវជ្រាវ និងបញ្ជាក់ការពិតជូនសាធារណជនឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការយល់ច្រឡំ និងធានាតម្លាភាពក្នុងការអនុវត្តច្បាប់។
អង្គភាពសារព័ត៌មានយើងនឹងបន្តតាមដាន និងស្រាវជ្រាវករណីនេះ ដើម្បីផ្សាយជូនសាធារណជននូវព័ត៌មានដែលមានការបញ្ជាក់ និងអាចទុកចិត្តបាននៅពេលក្រោយ៕


