អាជ្ញាធរឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវស្ងាត់ស្ងៀមករណីក្រុមហ៊ុនធ្វើផ្លូវយកថ្មមកចាក់ចោល

អាជ្ញាធរឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវស្ងាត់ស្ងៀមករណីក្រុមហ៊ុនធ្វើផ្លូវយកថ្មមកចាក់ចោល

ខេត្តតាកែវ៖ ប្រជាពលរដ្ឋឃុំជើងគួន ស្រុកសំរោងខេត្តតាកែវមិនសប្បាយចិត្តចំពោះក្រុមហ៊ុនធ្វើផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលដឹកថ្មមកចាក់ចោលហើយមិនឃើញធ្វើសកម្មភាពឈូសឆាយដើម្បីសម្រួលការធ្វើចរាចរណ៍របស់អ្នកភូមិ។ គម្រោងធ្វើផ្លូវនេះពិតជាធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ប៉ុន្តែការដឹកថ្មយកមកចាក់ចោល បង្កឱ្យមានគ្រោះថ្នាក់ ក៏ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តដែរ។

គំនរដុំថ្មចាក់ចោល ដែលមិនទាន់បានរៀបរយក្នុងគម្រោងធ្វើផ្លូវនេះបានធ្វើឲ្យខូចខាតយានជំនះកង់,ម៉ូតូរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៃឃុំជើងគួន នៅគ្រាដែលមានសេចក្តីរាយការណ៍ថា គ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវក្នុងមូលដ្ឋានខាងលើខូច, ដូច្នេះមិនទាន់អាចដំណើរការធ្វើផ្លូវនោះបានឡើយ។ អាជ្ញាធរមូលដ្ឋានឃុំជើងគួន ក៏មិនមានប្រតិកម្មចំពោះភាពស្ងៀមស្ងាត់នៃដំណើរការសាងសង់ផ្លូវ ដែលពួកឈ្មួញក្រុមហ៊ុនដឹកថ្មមកចាក់ចោលអស់១សប្តាហ៍ហើយនោះ។

ប្រជាពលរដ្ឋម្នាក់បានរងការខូចខាតម៉ាស៊ីនម៉ូតូ នៅ ពេលដែលជិះទៅប៉ះនឹងដុំថ្មមិនរៀបរយ ដែលខាងក្រុម ហ៊ុនដឹកមកចាក់ចោលនៅលើផ្លូវនោះ។ យ៉ាងណាក៏ ដោយមិនមានអ្នកទទួលខុសត្រូវចំពោះបញ្ហា នៃការ ខូចខាតនេះទេ ទាំងអាជ្ញាធរឃុំក៏ដូចជាខាងក្រុមហ៊ុនពោលគឺម្ចាស់ម៉ូតូយកម៉ូតូទៅជួសជុលដោយខ្លួនឯង។

ប្រជាពលរដ្ឋនិយាយថា បើមិនទាន់ធ្វើផ្លូវទេ ហេតុអ្វីដឹកថ្មយកមកចាក់ចោល ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេសធ្វើឲ្យខូចខាតដល់យាន ជំនិះយ៉ាងដូច្នេះ។ ជាងនេះទៅទៀតអាជ្ញាធរគួរតែជំរុញល្បឿនពេលវេលាធ្វើផ្លូវហើយហៅក្រុមហ៊ុនមកសួរនាំ។ ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរគួរមានសេចក្តីជូន ដំណឹងចំពោះការពន្យារពេលនៃការធ្វើផ្លូវដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវផ្សេង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ មិថុនានេះថា បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ខាងលើគេឃើញមានគ្រឿងចក្រ១គ្រឿងបានដំណើការឈូសឆាយដុំថ្មនោះបណ្តើរៗហើយ។

មេឃុំជើងគួនលោក ស៊ីវ ប៉េងគី មិនអាចទាក់ទងដើម្បីសួរនាំអំពីករណីខាងលើនេះបានទេ។ ដូចគ្នានេះដែរភាគីខាងក្រុមហ៊ុនក៏មិនអាចសុំការបកស្រាយ ពីបញ្ហាដឹកថ្មយកមកចាក់ចោល នៅឃុំជើងគួននោះបានដែរ។ តែយ៉ាងណាក៏ដោយយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ៕

img 20260617 111821 232 img 20260617 111821 344 img 20260617 111820 722

Scroll to Top