សំណង់អត់ច្បាប់លយចូលទន្លេមេគង្គនៅស្រុកមុខកំពូល ផ្អាកមិនស្តាប់! ម្ចាស់ទីតាំងរងការចោទថា បន្តសាងសង់ផ្គើនបញ្ជាអភិបាលស្រុក

សំណង់អត់ច្បាប់លយចូលទន្លេមេគង្គនៅស្រុកមុខកំពូល ផ្អាកមិនស្តាប់! ម្ចាស់ទីតាំងរងការចោទថា បន្តសាងសង់ផ្គើនបញ្ជាអភិបាលស្រុក

ខេត្តកណ្ដាល៖ សំណង់ដ៏ធំមួយកន្លែងដែលគេសង្ស័យថា សាងសង់លយចូលទន្លេមេគង្គដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងបង្កការចាប់អារម្មណ៍ និងការរិះគន់ពីមហាជន ខណៈអាជ្ញាធរស្រុកបានបញ្ជាឱ្យផ្អាកជាបន្ទាន់រួចហើយ ប៉ុន្តែម្ចាស់ទីតាំងនៅតែបន្តសកម្មភាពសាងសង់ដោយលួចលាក់។

បើតាមព័ត៌មានពីប្រភពនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា សំណង់រឹងមាំមួយនេះ ត្រូវបានសាងសង់លយចូលដងទន្លេមេគង្គ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរស្រុកមុខកំពូលបានចុះពិនិត្យ និងចេញបញ្ជាឱ្យផ្អាកការដ្ឋានជាបន្ទាន់ ព្រមទាំងណែនាំឱ្យម្ចាស់ទីតាំងទៅបំពេញនីតិវិធីសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន។

លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា អាជ្ញាធរបានចាត់វិធានការផ្អាកសំណង់នេះរួចហើយ និងបានប្រាប់ម្ចាស់ទីតាំងឱ្យទៅស្នើសុំច្បាប់តាមនីតិវិធីជាមុនសិន មុននឹងអាចបន្តការសាងសង់បាន។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានអះអាងថា ក្រោយពីអាជ្ញាធរបញ្ជាឱ្យផ្អាកបានប្រមាណ៣ថ្ងៃ ម្ចាស់ទីតាំងបានបញ្ជាឱ្យកម្មករបន្តការសាងសង់ដោយលួចលាក់ ដោយមិនខ្វល់ពីការហាមឃាត់របស់អាជ្ញាធរឡើយ។ ទង្វើនេះត្រូវបានមហាជនមួយចំនួនចាត់ទុកថា ជាការផ្គើននឹងបញ្ជារដ្ឋបាល និងមើលស្រាលចំពោះការអនុវត្តច្បាប់។

ជុំវិញករណីនេះ លោកអភិបាលស្រុក យី យ៉េន បានបញ្ជាក់ថា លោកនឹងចាត់ឱ្យក្រុមការងារជំនាញចុះពិនិត្យទីតាំងជាថ្មី និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថា មានការបន្តសាងសង់ដោយខុសពីការណែនាំ និងបំពានលើបទបញ្ជារបស់អាជ្ញាធរពិតប្រាកដ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តច្បាប់ឱ្យបានស្មើភាព និងតឹងរ៉ឹង ដើម្បីការពារផលប្រយោជន៍សាធារណៈ និងទប់ស្កាត់ការទន្ទ្រានលើដងទន្លេ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនាពេលអនាគត៕

img 20260612 125226 404 img 20260612 125226 597 img 20260612 125226 773 img 20260612 125226 294 img 20260612 125226 025 img 20260612 125225 990

Scroll to Top