មហាជនរិះគន់! ថៅកែផ្សារធ្វើដំបូលរំលោភចំណីផ្លូវ រាប់ឆ្នាំមិនទាន់ឃើញរុះរើ ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល អនុវត្តច្បាប់ដោយស្មើភាព និងតម្លាភាព

មហាជនរិះគន់! ថៅកែផ្សារធ្វើដំបូលរំលោភចំណីផ្លូវ រាប់ឆ្នាំមិនទាន់ឃើញរុះរើ ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល អនុវត្តច្បាប់ដោយស្មើភាព និងតម្លាភាព

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានស្នើសុំឲ្យអាជ្ញាធរខេត្តកណ្ដាល អនុវត្តវិធានការរដ្ឋបាលលើសំណង់រឹង ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្ម និងសំណង់គ្មានច្បាប់អនុញ្ញាត ដែលរំលោភលើដីចំណីផ្លូវសាធារណៈ ឲ្យមានតម្លាភាព និងស្មើភាពគ្នា ដោយមិនគួរអនុវត្តតែចំពោះអាជីវករតូចតាច ឬប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

ប្រភពបានលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងលើកទី៣ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់រឹង ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្ម គ្មានច្បាប់អនុញ្ញាតនៅលើដីចំណីផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយផ្អែកលើច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើន។

ប្រជាពលរដ្ឋបានលើកជាសំណួរថា ខណៈអាជ្ញាធរបានកំពុងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើតូប សំយ៉ាប ឬសំណង់តូចៗរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវយ៉ាងសកម្ម ប៉ុន្តែសំយ៉ាបស័ង្កសីគ្របលើចិញ្ចើមផ្លូវសាធារណៈជុំវិញផ្សារតាខ្មៅចាស់ ត្រូវបានសង់រាប់ខែឆ្នាំមកហើយ មិនទាន់ឃើញមានការចុះអនុវត្តវិធានការកាត់ទម្លាក់ ឬរុះរើឲ្យបានច្បាស់លាស់នៅឡើយទេ។

មហាជនមើលឃើញថា បើច្បាប់ត្រូវអនុវត្ត គួរតែអនុវត្តឲ្យស្មើគ្នា មិនថាជាអ្នកមាន អ្នកតូច ម្ចាស់ផ្សារ ឬអាជីវករធម្មតានោះឡើយ ដើម្បីបង្ហាញពីភាពយុត្តិធម៌ និងការគោរពគោលការណ៍នីតិរដ្ឋ។ ប្រសិនបើការអនុវត្តមានស្តង់ដារពីរ នោះអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លើសពីនេះ ប្រជាពលរដ្ឋក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់ទៅលើរឺម៉ក និងយានយន្តមួយចំនួន ដែលចតកណ្ដាលទ្រូងផ្លូវដោយអនាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍ និងហានិភ័យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនៅតំបន់ទីប្រជុំជន និងជុំវិញផ្សារ។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៧១ និងមាត្រា៧៨ បានចែងយ៉ាងច្បាស់ថា ជនណាដែលសាងសង់សំណង់ដោយខុសច្បាប់លើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬទន្ទ្រានប្រើប្រាស់ដីចំណីផ្លូវ ត្រូវរងការព្រមាន ពិន័យ និងអាចប្រឈមទោសពន្ធនាគារផងដែរ ក្នុងករណីរឹងទទឹងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នឹងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ស្មើភាព និងប្រកបដោយតម្លាភាព ដោយអនុវត្តច្បាប់លើគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាសោភណភាព សណ្ដាប់ធ្នាប់ សុវត្ថិភាព និងផលប្រយោជន៍សាធារណៈជារួម៕

videocapture 20260528 183808 videocapture 20260528 183801 videocapture 20260528 183756 videocapture 20260528 183740 videocapture 20260528 183738 videocapture 20260528 183711 videocapture 20260528 183709 videocapture 20260528 183706 videocapture 20260528 183732 videocapture 20260528 183754 img 20260528 183101 522 videocapture 20260528 183556 videocapture 20260528 183607 videocapture 20260528 183627 videocapture 20260528 183640 videocapture 20260528 183651

Scroll to Top