សាលាដំបូងខេត្តតាកែវ បើកកិច្ចប្រជុំពិសេស ពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

សាលាដំបូងខេត្តតាកែវ បើកកិច្ចប្រជុំពិសេស ពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ខេត្ត​តាកែវ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពីការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ ដែលកំពុងកើតមានកាន់តែស្មុគស្មាញនៅក្នុងសង្គម។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាដំបូងខេត្តតាកែវ ក្រោមអធិបតីភាព លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។
អង្គប្រជុំបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហការរវាងស្ថាប័នតុលាការ អយ្យការ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ រួមមានកងនគរបាល និងកងរាជអាវុធហត្ថ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារស៊ើបអង្កេត ស្រាវជ្រាវ និងអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំអង្គប្រជុំ បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តអំពើខុសច្បាប់ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផងដែរ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានណែនាំ និងជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ស្រាវជ្រាវ និងក្តាប់ឱ្យបាននូវល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដើម្បីអាចចាត់វិធានការច្បាប់បានទាន់ពេលវេលា ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
អង្គប្រជុំក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន និងការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ ខណៈបទល្មើសបច្ចេកវិទ្យាកំពុងវិវត្តឥតឈប់ឈរ៕

img 20260527 163638 630 img 20260527 163638 323 img 20260527 163637 986 img 20260527 163638 837 img 20260527 163638 919 img 20260527 163638 796 img 20260527 163638 618 img 20260527 163638 413 img 20260527 163638 224 img 20260527 163638 071

Scroll to Top