ខេត្តកណ្ដាល÷ប្រជាពលរដ្ឋច្រើនគ្រួសារ រស់នៅភូមិក្តីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាលកាន់រូបថតសម្ដេចធិបតីនាយករដ្ឋមន្ត្រី,សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសូមកិច្ចអន្តរាគមន៍ករណីក្រុមហ៊ុនឃុនសៀ ព័ទ្ធយកដីដែលពួកគាត់កំពុងកាន់កាប់ប្រកបរបរចិញ្ចឹមជីវិតសព្វ ថ្ងៃនិងទិញក្នុងតម្លៃ១ម៉ែត្រការ៉េ០,៨ដុល្លារ(៨កាក់)។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់បានធ្វើស្រែចំការលើដីនេះជាយូរឆ្នាំមកហើយមិនដែលខកខាននោះទេ តាម រយៈការកាន់កាប់ដោយស្របច្បាប់តាំងពីជំនាន់សម្ដេចហេង សំរិន នៅធ្វើប្រមុខរដ្ឋម៉្លេះ។ វត្តមានក្រុមហ៊ុនឃុនសៀ បានធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយក៏ផ្ទុះការតវ៉ាតាមផ្លូវច្បាប់តាំងពីឆ្នាំ២០១៦មក។ យ៉ាងណាក៏ដល់ការតវ៉ាច្រើនលើក ច្រើនសារ របស់ប្រជាពលរដ្ឋនៅភូមិក្តីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ មិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ។
លោកពូម្នាក់ដែលទើបចេញពីមន្ទីរពេទ្យ ឈរកាន់រូបថតសម្ដេចហ៊ុន សែនបានមានប្រសាសន៍ថា ប្រជាពលរដ្ឋច្រើនគ្រួសារ មិនព្រមលក់ដីធ្លីរបស់ខ្លួន ឲ្យទៅក្រុមហ៊ុនឃុនសៀនោះទេ ក៏ព្រោះតែក្រុមហ៊ុនទិញក្នុងតម្លៃថោកពេក។ ដូច្នេះពួកគាត់ទទូចឲ្យខាងក្រុមហ៊ុន អនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។ គាត់និយាយថា បើប៉ះ ពាល់ត្រង់ណាឆ្វៀលត្រង់ហ្នឹងទៅ។ ប្រជាពលរដ្ឋមិនចង់លក់ដីធ្លីដែលជាឆ្នាំងបាយនេះទេ។ប្រជាពលរដ្ឋចាត់ទុក ទង្វើរបស់ក្រុមហ៊ុនឃុនសៀ គឺជាការរំលោភបំពាន។
ស្ត្រីម្នាក់ទៀតបាននិយាយថា នៅពេលដែលប្រជាជននិយាយអំពីដីស្រែនេះគឺជាឆ្នាំងបាយ ដើម្បីចិញ្ចឹមជីវិតរាល់ថ្ងៃនោះ ខាងក្រុមហ៊ុនបាននិយាយថា ឆ្នាំងបាយមិនមែននៅទីនេះទេ។ ស្ត្រីខាងលើបានដកស្រង់សំដីខាងក្រុមហ៊ុននិយាយថា” ឆ្នាំងបាយនៅឯផ្ទះ” មិនមែននៅដីវាលស្រែចម្ការនេះទេ។ ប្រជាពលរដ្ឋទាំងនោះចាត់ ទុកសម្ដីរបស់ខាងក្រុមហ៊ុន គឺជាចេតនារំលោភ បំពានឬការទិញដី មិនស្របតាមតម្លៃទីផ្សារ។
ខាងក្រុមហ៊ុនមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ គេហទំព័រយើងខ្ញុំរង់ចាំការបំភ្លឺគ្រប់ពេលវេលា។
រដ្ឋបាលក្រុងអរិយក្សត្រទទួលស្គាល់ថា រឿងរ៉ាវនេះបានអូសបន្លាយយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែមិនមានមធ្យោបាយដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឡើយ
នៅគ្រាដែលក្រុមហ៊ុនចេះតែរំលោភបំពានគាបសង្កត់បន្តិចម្ដងៗ ទៅលើដីស្របច្បាប់របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសង្ឃឹមថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភា នឹងជ្រាបអំពីបញ្ហានេះ ហើយដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានរស់នៅប្រកបរបររកស៊ីធ្វើស្រែកចំការលើដីស្របច្បាប់របស់ខ្លួនបានដោយសុខសាន្តផង៕


