ខេត្តតាកែវ៖ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី រវាងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប ស្របតាមនីតិវិធីច្បាប់ និងធានាឱ្យការចេញកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយត្រឹមត្រូវ និងមានតម្លាភាព។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកអង្គរបូរី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ និងតំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងករណីទំនាស់ខាងលើ។
ក្នុងកិច្ចប្រជុំ លោកអភិបាលស្រុក បានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការលើកឡើង បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យមន្ត្រីជំនាញធ្វើការពិនិត្យឯកសារ ភស្តុតាង និងទីតាំងដីជាក់ស្តែង ដើម្បីធានាថាការដោះស្រាយធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
លោក កង អាណាន់ បានបញ្ជាក់ថា អាជ្ញាធរស្រុក តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទំនាស់ដីធ្លី ដែលជាបញ្ហារសើប និងអាចប៉ះពាល់ដល់សាមគ្គីភាពក្នុងសហគមន៍។ ដូច្នេះ ការសម្របសម្រួលត្រូវអនុវត្តដោយសន្តិវិធី តម្លាភាព និងស្របតាមនីតិវិធីច្បាប់ ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី។
លោកអភិបាលស្រុក ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់ព័ត៌មានពិត និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីឱ្យការពិនិត្យស្រាវជ្រាវមានភាពច្បាស់លាស់ និងអាចឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស។
ជាមួយគ្នានេះ អាជ្ញាធរស្រុកអង្គរបូរី បានបង្ហាញការប្តេជ្ញាចិត្តបន្តដោះស្រាយបញ្ហាទំនាស់ផ្សេងៗនៅមូលដ្ឋាន ដោយឈរលើគោលការណ៍ច្បាប់ សមធម៌ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅដោយសុខដុមរមនាក្នុងសហគមន៍៕


