ជនជាតិថៃម្នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងប្រគល់ជូនភាគីថៃ 

ជនជាតិថៃម្នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងប្រគល់ជូនភាគីថៃ 

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ 

ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព៕

img 20260515 132512 891 img 20260515 132513 660 img 20260515 132513 249 img 20260515 132512 926 img 20260515 132513 376 picsart 26 05 15 13 25 34 671

Scroll to Top