អធិការនគរបាលស្រុកគិរីវង់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ និងដាក់បទបញ្ជាតឹងរ៉ឹង បង្ការ Online Scams នៅមូលដ្ឋាន

អធិការនគរបាលស្រុកគិរីវង់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ និងដាក់បទបញ្ជាតឹងរ៉ឹង បង្ការ Online Scams នៅមូលដ្ឋាន

ខេត្តតាកែវ៖ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨៖០០នាទី ក្រោមការអនុវត្តតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពីលោកអធិការរង លោកនាយផ្នែក និងនាយរងផ្នែកទាំង១០ផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ជា សុផល បានធ្វើការវាយតម្លៃលទ្ធផលការងារដែលអនុវត្តបានក្នុងខែឧសភា កន្លងមក ដោយផ្តោតលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងការពង្រឹងការងារនគរបាលមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអធិការនគរបាលស្រុកគិរីវង់ ក៏បានអាន និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អ.ន.ក្រ.ប.ក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ០១ ប.ប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ដើម្បីជំរុញឱ្យមានការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។

លោកវរសេនីយ៍ឯក ជា សុផល បានណែនាំឱ្យកម្លាំងនគរបាលគ្រប់ផ្នែក និងប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋ ការពង្រឹងសន្តិសុខភូមិឃុំ ការតាមដានសកម្មភាពសង្ស័យ និងទប់ស្កាត់រាល់បទល្មើសបច្ចេកវិទ្យា ដែលអាចកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។

អង្គប្រជុំក៏បានលើកឡើងពីការសហការរវាងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះអនុវត្តវិធានការនានា ឱ្យស្របតាមគោលនយោបាយរបស់ថ្នាក់លើ ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងស្រុកគិរីវង់៕

img 20260514 133418 940 img 20260514 133418 363 img 20260514 133418 250 img 20260514 133419 160 img 20260514 133418 964 img 20260514 133418 274

Scroll to Top