ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីចម្រើនព្រះជន្មវស្សាថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ដោយប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញដោយស្មារតីស្មោះស្ម័គ្រថ្វាយព្រះពរ។
ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យស ណាស៉ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំខេត្តតាកែវ បានលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយព្រះពរជ័យសិរីមង្គល បវរមហាប្រសើរ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេសជានិច្ចនិរន្តរ៍។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងបារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីព្រះបរមរតនកោដ្ឋ សូមតាមជួយថែរក្សា និងអភិបាលគ្រងព្រះមហាក្សត្រខ្មែរ ឱ្យទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីនេះ បានបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រ ការគោរពស្រឡាញ់ និងភាពសាមគ្គីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវ ចំពោះព្រះមហាក្សត្រខ្មែរ ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខ និងការរីកចម្រើនរបស់ប្រជារាស្ត្រព្រះអង្គរ៕


