ខេត្តកណ្ដាល៖ បន្ទាប់ពីសារព័ត៌មានក្នុងស្រុក ផ្សព្វផ្សាយអំពីករណីមានការចាក់ខ្សាច់លុបបឹងពពាលខែនោះមក រដ្ឋបាលស្រុកកៀនស្វាយនៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺមួយដោយបានបញ្ជាក់យ៉ាងដូច្នេះថា÷
រដ្ឋបាលស្រុកកៀនស្វាយ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានគេហទំព័រឈ្មោះ THE MIRROR NEW ដែលបានចុះផ្សាយថា ធ្វើរបងរឹងមាំ ចាក់ខ្សាច់ព័ទ្ធយកដីបឹងពពាលខែ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យឱ្យបានច្បាស់លាស់ ។
ពាន់ព័ន្ធនឹងការលើកឡើងខាងលើនេះ រដ្ឋបាលស្រុកកៀនស្វាយ សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នក សារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រោយពីបាន ឃើញការចុះផ្សាយរបស់គេហទំព័រខាងលើ រដ្ឋបាលស្រុក បានចាត់ឱ្យមន្ត្រីជំនាញ នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល រួមជាមួយអាជ្ញាធរឃុំ ចុះទៅពិនិត្យនៅចំណុចទីតាំងដីជាក់ស្តែង និងបានដាក់ម៉ាស៊ីនវាស់វែង ឃើញថា ការចាក់ដី និងធ្វើរបងនេះ គឺនៅក្នុងដីកម្មសិទ្ធិតែប៉ុណ្ណោះមិនបានរំលោភយកដីបឹង ដូចដែល គេហទំព័រឈ្មោះ THE MIRROR NEW បានចុះផ្សាយនោះទេ។ ចំណុចទីតាំងដីនេះ គឺជាដីកម្មសិទ្ធិរបស់ឈ្មោះ ហ៊ឹង ប៊ុនថា និងឈ្មោះ ហ៊ឹង ប៊ុនធី ដែលមានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨០២០៣០៦-០១៣៦ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ហើយចំពោះការសាងសង់សំណង់ក៏មានស្នើសុំ និងលិខិតអនុញ្ញាតផងដែរ។
សូមបញ្ជាក់ជូនថា កន្លងមក រដ្ឋបាលស្រុក តែងតែយកចិត្តទុកដាក់ក្នុងការរក្សាទុកផ្លូវសាធារណៈ បឹង ទន្លេ ព្រែក អូរ និងអាងស្តុកទឹក ជាសម្បត្តិរបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
សេចក្តីដូចបានបំភ្លឺជូនខាងលើ រដ្ឋបាលស្រុកកៀនស្វាយ ស្នើឱ្យម្ចាស់គេហទំព័រ THE MIRROR NEW សូមកែតម្រូវនូវខ្លឹមសារបស់ខ្លួនចុះផ្សាយ ដែលអាចបណ្តាលឱ្យសាធារណជន និងអ្នកសារព័ត៌មានផ្សេងទៀត មានការភ័ន្តច្រឡំ។
អ្វីជារដ្ឋបាលស្រុកបានបញ្ជាក់ គឺមានការតាំងចិត្តមាំមួនថាកន្លងមករដ្ឋបាលស្រុក តែងតែយកចិត្តទុកដាក់ក្នុងការរក្សាទុកផ្លូវសាធារណៈ បឹង ទន្លេ ព្រែក អូរ និងអាងស្តុកទឹក ជាសម្បត្តិរបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
ប៉ុន្តែអ្វីដែលប្រជារាស្រ្ត ជាពិសេសអ្នករស់នៅជិតៗនោះដែលមានភ្នែកភ្លឺច្បាស់មិនទាន់ពាក់វ៉ែនតា មានចម្ងល់ថាតើការចាក់ខ្សាច់នៅក្រៅរបង ផ្នែកខាងក្រោយ ចូលផ្ទៃបឹងនោះជាភាពត្រឹមត្រូវ ដូចអ្វីដែលរដ្ឋបាលស្រុកបានបំភ្លឺដែរឬទេ?ប្រជារាស្រ្ត មិនមែនជាមន្ត្រីជំនាញ បានលើកជាសំណួរថាតើរបងនោះស្របតាមបច្ចេកទេសដែរឬទេ?៕


