ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់មាត់ទន្លេក្រុងតាខ្មៅ បានលើកឡើងពីការព្រួយបារម្ភ ខណៈហាងសាច់អាំងបែបចិនមួយកន្លែង ស្ថិតនៅអាគារនាវាជាប់ផ្លូវកៅស៊ូ មាត់ទន្លេ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងរងការរិះគន់ថា បានយកទីតាំងផ្លូវសាធារណៈ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កការកកស្ទះ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រជាពលរដ្ឋមើលឃើញថា សកម្មភាពបែបនេះ មិនត្រឹមតែរំលោភលើសិទ្ធិប្រើប្រាស់ផ្លូវរួមរបស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពធូររលុងក្នុងការអនុវត្តច្បាប់ និងការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានផងដែរ។ បើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា វាអាចក្លាយជាគំរូអវិជ្ជមាន ឲ្យអាជីវករផ្សេងៗអនុវត្តតាម។
ប្រជាពលរដ្ឋសូមអំពាវនាវដល់រដ្ឋបាលក្រុងតាខ្មៅ ក្រោមការដឹកនាំរបស់លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ, លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ មេត្តាចុះពិនិត្យជាក់ស្តែង និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពក្រុងឲ្យបានល្អប្រសើរ។
ការអនុវត្តច្បាប់ត្រូវមានសមភាព មិនគួរឲ្យមានអ្នកនៅលើច្បាប់ ឬប្រើប្រាស់ទីសាធារណៈជាផលប្រយោជន៍ឯកជន ដោយគ្មានការទទួលខុសត្រូវនោះឡើយ៕


