ខេត្តតាកែវ៖ រដ្ឋបាលស្រុកអង្គរបូរី បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទយ៉ាងតឹងរ៉ឹង និងកម្ទេចឧបករណ៍នេសាទខុសច្បាប់ជាច្រើន នៅក្នុងតំបន់អភិរក្ស និងតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល និងការពារពូជមច្ឆជាតិឱ្យនៅគង់វង្សសម្រាប់ថ្ងៃអនាគត។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មន្ត្រីជំនាញរដ្ឋបាលជលផល និងសហគមន៍នេសាទក្នុងមូលដ្ឋាន។
ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់នេះ កម្លាំងចម្រុះបានចុះពិនិត្យ និងរុះរើកម្ទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ រួមមាន របាំងស្បៃមុង និងឧបករណ៍ដាក់សំរ៉ាស ដែលជាឧបករណ៍ត្រូវបានច្បាប់ហាមឃាត់ ព្រោះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់រាន និងការបន្តពូជរបស់មច្ឆជាតិ នៅតាមដែនទឹកធម្មជាតិ។
លោក កង អាណាន់ បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទនាពេលនេះ គឺជាវិធានការចាំបាច់ ដើម្បីទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ធនធានត្រីក្នុងតំបន់អភិរក្ស។ លោកបានសង្កត់ធ្ងន់ថា តំបន់អភិរក្ស គឺជាជម្រកធម្មជាតិ និងជាកន្លែងបន្តពូជដ៏សំខាន់របស់មច្ឆជាតិ ដូច្នេះការការពារតំបន់ទាំងនេះ គឺជាកាតព្វកិច្ចរួម ដើម្បីធានាឱ្យធនធានជលផលមានភាពសម្បូរបែបឡើងវិញ។
អាជ្ញាធរស្រុកអង្គរបូរី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សា និងអភិរក្សធនធានមច្ឆជាតិ ដើម្បីជាប្រយោជន៍រួម និងទ្រទ្រង់ជីវភាពប្រជាសហគមន៍យើង៕


