ខេត្តកណ្តាល៖ ព្រះតេជគុណឈឹម កេត ព្រះគ្រូ ចៅ អធិការវត្តចែងម៉ែង ឋិតក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសង្ឃដីកាមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នៅថ្ងៃ ទី១៥ ខែមេសានេះអំពីករណីបាត់ព្រះពីក្នុងវត្តចែងម៉ែងនោះឲ្យដឹងថា ករណីបាត់ព្រះអង្គនោះ បានកើតឡើងកាលថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤នៅគ្រាដែលព្រះអង្គបាននិមន្តចេញក្រៅវត្ត។ សំណុំរឿងនេះហាក់ដូចជាត្រូវបានបិទទៅហើយ ពីព្រោះសមត្ថកិច្ចរកមិនឃើញតម្រុយនោះទេ។
ព្រះតេជគុណព្រះចៅអធិការវត្ត បានមានសង្ឃដីកាបន្ថែមថា ព្រះអង្គខ្មៅដែលបាត់នោះមិនមែនធ្វើពីសំរឹទ្ធទេ។ ប៉ុន្តែធ្វើពីលង្ហិននិងសារធាតុផ្សេងៗទៀត។ រីឯការលើកឡើងថា បានបាត់ទាំងបល្ល័ង្គទៀតនោះគឺមិនត្រឹមត្រូវទេ។ បល័ង្គព្រះនៅក្នុងវត្តនៅឡើយទេ រីឯព្រះអង្គខ្មៅមិនទាន់រកឃើញនៅឡើយ បើទោះបីជាចំណាយពេល ២៥ ខែហើយក៏ដោយ។ ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដីកាសង្កត់ធ្ងន់ថា “ករណីនេះតាមពិតគេបិទការស៊ើបអង្កេត ពីព្រោះរកអត់ឃើញអស់រយៈពេលជាង១ឆ្នាំ,បើគេរកមិនឃើញគេរកធ្វើអីទៀត”។
ព្រះតេជគុណ ហាក់ដូចជាមិនពេញព្រះទ័យ នៅពេលដែលឮថា ប្រជាពលរដ្ឋចង់ឲ្យមានការស៊ើបអង្កេតឲ្យ បានស៊ីជម្រៅច្បាស់លាស់ ចំពោះករណីបាត់ព្រះអង្គខ្មៅពីក្នុងវត្ត។ តាមរយៈព្រះបន្ទូលរបស់ព្រះតេជគុណចៅអធិការ វត្តហាក់ដូចជា មិនចង់ឲ្យមានការស៊ើបអង្កេតវែងឆ្ងាយតទៅទៀត ពីព្រោះព្រះបានបាត់ពីក្នុងវត្តងទៅហើយជាមួយគ្នានោះព្រះអង្គបានសង្កត់ធ្ងន់ថា ចំណែកបល្ល័ង្គព្រះអង្គខ្មៅមិនបានបាត់ទេ។
គួរបញ្ជាក់ថា ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចែងម៉ែង ស្ថិតក្នុងភូមិចែងម៉ែង ឃុំលំហាច ស្រុកអង្គស្នួល ចេះតែមិនអស់មិនហើយ អំពីករណីបាត់ព្រះអង្គ ១អង្គកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មិនឃើញមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងសង្គ្រាជវត្តចំពោះករណីនេះទេ។ ភាពព្រងើយកន្តើយ ហីៗរបស់អាជ្ញាធរជាពិសេសសង្គ្រាជវត្តចែងម៉ែង ធ្វើឲ្យប្រជាពុទ្ធបរិស័ទកាន់តែមានមន្ទិលសង្ស័យ។
ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចែងម៉ែង ខ្សឹបខ្សៀវគ្នាថា ករណីបាត់ព្រះអង្គខ្មៅ១អង្គ ដែលមានអាយុកាលរាប់រយឆ្នាំមក នេះ ហាក់ដូចជាស្ងាត់ស្ងៀមមិនមានការស៊ើបអង្កេតស្រាវជ្រាវ ពីសំណាក់ព្រះចៅអធិការវត្ត និងអាជ្ញាធរនោះឡើយ បើទោះបីជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មានកង្វល់ ឮយ៉ាងណាក៏ដោយ។ នៅពេលដែលបាត់ព្រះពុទ្ធរូបនោះ ដំបូងឡើយមានការស្រាវជ្រាវចុងដៃចុងជើងពីអាជ្ញាធរមានសមត្ថកិច្ចដែរ ប៉ុន្តែមានការអះអាងពីភាគីខាងវត្តថា កាមេរ៉ាសុវត្ថិភាពដែលតែងតែថតជាប់គ្រប់ព្រឹត្តិការណ៍នៅក្នុងវត្ត បានខូចនៅពេលដែលមានចោរចូលលួចព្រះអង្គខ្មៅ១អង្គនោះ។
រហូតមកដល់ពេលនេះការបាត់ព្រះ១អង្គមានរយៈពេលជាង២ឆ្នាំ ឬ២៥ខែហើយ។ ប្រជាពលរដ្ឋចំណុះជើងវត្តនៅតែទទូចស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត ជួយស្រាវជ្រាវករណីខាងលើនេះឲ្យបានច្បាស់លាស់ដើម្បីស្វែងរកព្រះ១អង្គនោះ ត្រឡប់មកកាន់វត្តចែងម៉ែងវិញ៕


