ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ៖ មន្ត្រីនគរបាលមិនត្រូវពាក់ព័ន្ធ Online Scams ដើម្បីរក្សាកិត្តិយស និងភាពជាអ្នកអនុវត្តច្បាប់

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ៖ មន្ត្រីនគរបាលមិនត្រូវពាក់ព័ន្ធ Online Scams ដើម្បីរក្សាកិត្តិយស និងភាពជាអ្នកអនុវត្តច្បាប់

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានចេញបទបញ្ជាតឹងរ៉ឹងដល់កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មិនឲ្យមានការចូលរួម ឬពាក់ព័ន្ធដោយផ្ទាល់ និងដោយអនុលោមណាមួយជាមួយបទល្មើស Online Scams ដែលអាចប៉ះពាល់ដល់កិត្តិយសបុគ្គល និងស្ថាប័នអនុវត្តច្បាប់ជាដាច់ខាត។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅបន្ត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីនគរបាលទាំងអស់ មិនត្រឹមតែត្រូវជៀសវាងពីបទល្មើស Online Scams ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមិនពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀនផងដែរ។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់លើរបាយការណ៍ការងាររបស់លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋាន និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក សៀង សេន អតីតប្រធាននាយកដ្ឋាន ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។

លោក ហែម សុវត្ថិ ក៏បានណែនាំឲ្យកម្លាំងជំនាញត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ ដោយត្រូវគោរពតាមបទបញ្ជា និងស្តង់ដារប្រតិបត្តិ (SOP) យ៉ាងតឹងរ៉ឹង ព្រមទាំងសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការអនុវត្តការងារ។

លើសពីនេះ ក៏បានជំរុញឲ្យមានការរៀបចំការងារយ៉ាងមានប្រព័ន្ធ ការបែងចែកតួនាទីច្បាស់លាស់ និងការលើកកម្ពស់សមត្ថភាពមន្ត្រី តាមរយៈការចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលក្នុងអង្គភាព ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពការងារជារួម។

ជាពិសេស ការងារត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតាមដានទីតាំងដែលធ្លាប់បង្ក្រាប មិនឲ្យមានការបើកដំណើរការឡើងវិញ ហើយក្នុងករណីមានការបំពាន ត្រូវស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការតឹងរ៉ឹងជាបន្តទៀត។

នៅក្នុងឱកាសនោះដែរ លោកក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្លែងការកោតសរសើរចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងមានប្រសិទ្ធភាព៕

img 20260401 063846 923 img 20260401 063847 363 960x580 img 20260401 063847 327 960x580 img 20260401 063847 431 960x580 img 20260401 063846 976 960x580 img 20260401 063847 352 960x580

Scroll to Top