ភាពអនាធិបតេយ្យជាង20ឆ្នាំ នៃអាជីវកម្មអាចម៍ដីច្រាំងទន្លេបាសាក់ ក្បែរសង្កាត់ព្រែកថ្មី! អាជ្ញាធរមើលរំលង ឬមានអ្វីលាក់បាំង?

ភាពអនាធិបតេយ្យជាង20ឆ្នាំ នៃអាជីវកម្មអាចម៍ដីច្រាំងទន្លេបាសាក់ ក្បែរសង្កាត់ព្រែកថ្មី! អាជ្ញាធរមើលរំលង ឬមានអ្វីលាក់បាំង?

ភ្នំពេញ៖ សកម្មភាពជីកកាយយកដីច្រាំងទន្លេបាសាក់ដោយអនាធិបតេយ្យ កំពុងកើតមានយ៉ាងបើកចំហ និងមិនខ្លាចច្បាប់ នៅតំបន់ក្បែរចិញ្ចើមសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងនេះស្ថិតនៅជិតតំបន់រដ្ឋបាលយ៉ាងច្បាស់ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពខុសច្បាប់ត្រូវបានអនុវត្តជាបន្តបន្ទាប់ ដូចជាមិនមានការគ្រប់គ្រង ឬការបង្រ្កាបពីសំណាក់អាជ្ញាធរនោះឡើយ។

បុគ្គលឈ្មោះ “និត” និងភរិយា ដែលជាម្ចាស់គ្រឿងចក្រ និងរណ្ដៅដី បានអះអាងថា បានដំណើរការអាជីវកម្មនេះជាង ២០ ទៅ ៣០ឆ្នាំ ហើយថែមទាំងមានការយល់ព្រមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែការអះអាងបែបនេះ កាន់តែបង្កើតសំណួរ និងចម្ងល់ខ្លាំងក្លាបន្ថែមទៀត ពាក់ព័ន្ធនឹងសុចរិតភាព និងសិទ្ធិអំណាចក្នុងការអនុញ្ញាត។

ការជីកយកដីពីច្រាំងទន្លេ មិនមែនជាសកម្មភាពធម្មតាដែលអាចអនុញ្ញាតដោយមេភូមិ ឬចៅសង្កាត់ ឬរដ្ឋបាលខណ្ឌបានឡើយ ប៉ុន្តែត្រូវស្ថិតក្រោមច្បាប់ និងការអនុញ្ញាតពីស្ថាប័នជាតិពាក់ព័ន្ធ។ ករណីនេះ បើពិតជាមានការអនុញ្ញាតត្រឹមថ្នាក់មូលដ្ឋាន នោះគឺជាការលើសសមត្ថកិច្ចយ៉ាងច្បាស់ និងជាការបំភ្លេចច្បាប់យ៉ាងគួរឱ្យព្រួយបារម្ភ។

អ្វីដែលធ្វើឱ្យមហាជនមិនអាចទទួលយកបាន គឺទីតាំងអនាធិបតេយ្យនេះស្ថិតនៅ “ក្បែរចិញ្ចើមសង្កាត់ព្រែកថ្មី” តែម្ដង ដែលមិនមែនជាតំបន់ឆ្ងាយឬលាក់លៀមទេ។ ដូច្នេះ ការមិនឃើញ ឬមិនចាត់វិធានការ មិនអាចជាហេតុផលសមរម្យបានឡើយ។ វាបង្ហាញថា មានទាំងការមើលរំលង ឬអាចមានភាពមិនប្រក្រតីណាមួយកំពុងលាក់ខ្លួននៅពីក្រោយសកម្មភាពនេះ។

ប្រភពខ្លះបានលើកឡើងថា ម្ចាស់អាជីវកម្ម អាចមានការផ្តល់ផលប្រយោជន៍ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីបន្តប្រតិបត្តិការយ៉ាងរលូន។ ប្រសិនបើមានមូលដ្ឋានពិត នោះ វាជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភនៃអំពើពុករលួយ ដែលបំផ្លាញទាំងធនធានធម្មជាតិ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរ។

មហាជនកំពុងរង់ចាំចម្លើយ និងវិធានការពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និងអភិបាលខណ្ឌច្បារអំពៅ ម៉ូវ ម៉ានិត ថាតើនឹងចូលរួមពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់បញ្ហានេះយ៉ាងដូចម្តេច។

បញ្ហានេះមិនគួរត្រូវបានមើលរំលងទៀតឡើយ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានទេ ប៉ុន្តែជាការបង្ហាញពីភាពខ្សោយក្នុងការអនុវត្តច្បាប់។ ប្រសិនបើមិនមានវិធានការបន្ទាន់ នោះអនាគតនៃច្រាំងទន្លេបាសាក់ និងសុវត្ថិភាពសង្គម នឹងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ។ ទាក់ទីនករណីនេះ ពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មីបានទេ ដោយលោកស្រីមានប្រសាសន៍ថា សូមឱ្យអ្នកកាសែតទៅជួបនៅសង្កាត់ លោកស្រីមិនចេះបកស្រាយតាមទូរសព្ទទេ

ចំពោះករណីខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នៅមិនទាន់បានការបំភ្លឺណាមួយ អោយបានច្បាស់លាស់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅបាននោះទេ ដោយសារទូរស័ព្ទខលចូលតែមិនទទូល ពេញចិត្តមេឌាបានផ្ញើសារតាមប្រព័ន្ធតេឡេក្រាម តែមិនមានការចូលមើលនោះទេ ៕

ចំពោះករណីនេះ មិនបានសារព័ត៌មានពេញចិត្តមេឌា និងធ្វើបច្ចុប្បន្នភាពបន្តទៀត នៅពេលក្រោយដែលទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត ពីគ្រប់ភាគីដែលពាក់ព័ន្ធ។

videocapture 20260331 165603 videocapture 20260331 165418 videocapture 20260331 165601 videocapture 20260331 165447 videocapture 20260331 165314 fb img 1774951798688 fb img 1774951724441

Scroll to Top