ខេត្តកណ្តាល៖ សំណង់មួយកន្លែងនៅឃុំស្អាងភ្នំ ស្រុកស្អាង ដែលកំពុងដំណើរការយ៉ាងសស្រាក់សស្រាំនោះ មិនទាន់មានលិខិតបើកការដ្ឋានពីស្ថាប័នជំនាញនៅឡើយទេ។ ហេតុ អ្វីបាន ជាគេអាចសាងសង់បានយ៉ាងដូច្នេះ? ជាការបណ្ដែតបណ្ដោយរបស់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានឬយ៉ាងដូចម្ដេច បានជាសំណង់១ កន្លែងនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង សាង់សង់បានជិត៥០% ហើយ ទើបមានលិខិតអនុញ្ញាតចេញដោយក្រសួងរៀប ចំដែនដីនគររូបនីយកម្មនិងសំណង់ យ៉ាងដូច្នេះទៅ វិញ? តើជាការព្រងើយកន្តើយរបស់ស្ថាប័នជំនាញ និងអាជ្ញាធរ ឬក៏មានលាយឡំដោយអំពើពុក រលួយនៅក្នុងនោះ?
នោះគឺករណីសំណង់ថៅកែជាជនបរទេស១កន្លែងស្ថិត នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលសាងសង់ជិត៥០%ហើយ ទើបមានការអនុញ្ញាតចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាមលិខិត អនុញ្ញាតសាងសង់លេខ ១២៧ ដនស/ស មានផ្ទៃក្រឡាកម្រាលសំណង់សរុប ៧.៥០៤,៣៥ ម៉ែត្រការ៉េ មានសន្ទស្សន៍ប្រើប្រាស់ដី ០,៨៥ នៅលើដីឡូត៍ទំហំ ៧.៥៦៥,០០ ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១០០៩ -១១៥០ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល របស់លោក GUO ZHIBIN និងលោក ZHAO GUANGGANG។
តាមច្បាប់ បើទោះបីជាមានការអនុញ្ញាតក៏ដោយ ក៏ត្រូវមានលិខិតបើកការដ្ឋានមួយទៀត ដែលចេញដោយច្រកចេញចូលតែមួយនៃស្ថាប័នជំនាញ។ ការអនុញ្ញាតនៃច្បាប់នេះគ្រាន់តែជាគោលការណ៍រួមនោះទេ។ តែអ្វីដែលឃ្លាំងរោងចក្រខាងលើកំពុងធ្វើគឺជាការឃុបឃិតបន្លែបន្លំជាមួយមន្ត្រីជំនាញនៅថ្នាក់ក្រោម។
នៅក្នុងលិខិតអនុញ្ញាតសាងសង់ ត្រង់ចំណុច១២ បានបញ្ជាក់ថាបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើលក្ខខណ្ឌផ្សេងៗ ដូចមានចែងក្នុងប្រកាសលេខ ៣២ ប្រក/សណ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់។
ឆ្លើយតបចំពោះបញ្ហាសំណង់ដែលសង់បានស្ទើរពាក់ កណ្ដាលហើយ ទើបតែមានច្បាប់ជាក្រោយនេះលោក ជឺ គឹមហៃ ចៅហ្វាយស្រុកស្អាងមានប្រសាសន៍ថា “ខាងក្រសួងបានទម្លាក់កិច្ចការនេះមក។ វាមិនមែនជាសិទ្ធិនៃការអនុញ្ញាតរបស់ខ្ញុំទេ,ជាការសម្រេចនៃការអនុញ្ញាតដោយថ្នាក់ក្រសួង,ខ្ញុំមិនអាចឆ្លើយបានទេ ពីព្រោះជាកិច្ចការថ្នាក់លើ។ ខ្ញុំមិនប្រាកដរឿងច្បាប់អំពីការបើកការដ្ឋានសំណង់នឹងទេ”។
តាមប្រសាសន៍របស់លោកអភិបាលស្រុកស្អាង មើល ទៅហាក់ដូចជាមិនយល់អំពីនីតិវិធី នៃការស្នើសុំសាង សង់អ្វីមួយនេះឡើយ។
ជាមួយនេះដែរមន្ត្រីជំនាញនៃរដ្ឋបាលស្រុកស្អាងលោកអ៊ឹម ប៊ុនថុល អភិបាលរងស្រុកស្អាងទទួលបន្ទុកផ្នែកសំណង់មានប្រសាសន៍នៅរសៀលថ្ងៃទី ២៧ ខែមីនានេះដែរថា ករណីនេះគឺជារឿងក្រសួងអ្នកចាត់ចែងទាំង អស់,អ្វីៗជាសមត្ថកិច្ចរបស់ក្រសួង,ខ្ញុំចាំតែអនុវត្តទេ។
លោកចាប ពលវឌ្ឍន៍ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្អាងមិនលើកទូរសព្ទអ្នកកាសែតនោះឡើយ។
ថ្មីៗនេះរដ្ឋបាលខេត្តកណ្ដាល បានចុះទៅផ្អាកការដ្ឋានសំណង់មួយកន្លែងដែលអត់ច្បាប់នៅក្នុងស្រុកស្អាងនេះដែរ។ ប្រជាពលរដ្ឋនៅស្រុកនេះនិយាយថាសំណង់ភាគ ច្រើនមិនមានច្បាប់ទម្លាប់នោះទេ វាកើតចេញដោយការឃុបឃិតគ្នារវាងមន្ត្រីជំនាញនិងម្ចាស់សំណង់៕


