រាជធានីភ្នំពេញ៖ នៅគ្រាអ្នកកាសែត បានផ្សព្វផ្សាយអំពីករណីល្បែងស៊ីសង នៅលើផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្ដាល អាជ្ញាធរខណ្ឌដូនពេញបានចុះទៅដេញបង្អើល បានមួយដង្ហើមចង្រិត ឥឡូវត្រូវគេរាយការណ៍ថា ចាប់ដំណើរការឡើងវិញហើយ។ ទីនេះត្រូវគេប្រាប់ថា មិនមែនជាល្បែងស៊ីសងធម្មតាទេ។ ល្បែងស៊ីសងខុសច្បាប់តាមអនឡាញទាំងនេះ សុទ្ធសឹងតែជាការឆបោកតាមប្រព័ន្ធអនឡាញ Scam Online ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានបង្ក្រាបជាដាច់ខាត។
ប្រមុខរាជរដ្ឋាភិបាល ប្រកាសចាត់វិធានការក្តៅគគុកបង្ក្រាបល្បែងស៊ីសងនិងស្គែមអនឡាញ ដាច់ខាតមិនឲ្យសេសសល់នោះឡើយ។ ការប្ដេជ្ញាចិត្តនេះ ក៏ត្រូវបានប្រកាសបន្ត ដោយចៅហ្វាយក្រុងភ្នំពេញលោក ឃួងស្រេង ផងដែរ ប៉ុន្តែមន្ត្រីថ្នាក់ក្រោម តួយ៉ាងដូចជាអាជ្ញាធរខណ្ឌដូនពេញ នៅតែឆ្លៀតធ្វើជាត្រីបណ្ដើរកូន ក្នុងល្បែងស៊ីសងអនឡាញនេះដដែល។ តើវាជាការទុកដើម្បីផលប្រយោជន៍ឆ្នាំងបាយបក្សពួកខ្លួន នៅខណ្ឌដូនពេញនោះ ឬក៏ដើម្បីចិញ្ចឹមឆ្នោរដែរ?
ទីតាំងនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលនេះ ជាជម្រកដ៏ធំសម្បើមនោះគេដឹងថា វាជាកន្លែងដែលពោរ ពេញទៅដោយល្បែងអនឡាញ ដែលមានជនបរទេសផង ខ្មែរផង ចូលលេងយ៉ាងគគ្រឹកគគ្រេង សស្រាក់ សស្រាំមិនថាយប់ឬថ្ងៃនោះឡើយ។ នៅគ្រាដែលអាជ្ញាធរខណ្ឌ ដូនពេញក្រោមការដឹកនាំរបស់លោកជា ខេមា ក៏ដូចជាកម្លាំងនគរបាលចុះធ្វើប្រតិបត្តិការ បែរជាប្រកាសថា ទីតាំងនោះបានបិទទៅហើយ។ តែឥឡូវនេះប្រជាពលរដ្ឋរាយការណ៍ថា បានលបលួចដំណើរការឡើងវិញហើយ។
គួរបញ្ជាក់ថា ទីតាំងល្បែងអនទ្បាញដ៏ធំ១កន្លែង ដែលមានល្បែងស៊ីសងច្រើនប្រភេទ ដូចជា «ភ្នាល់បៀ បាល់ ឡូតូ,ឆ្នោត » កំពុងតែបើកដំណើរការយ៉ាងស្ងៀមស្ងាត់ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពីអ្នកដែលធ្លាប់ចូលលេងល្បែងទាំងនោះខ្សឹបថា ល្បែងស៊ីសងខុសច្បាប់តាមអនឡាញទាំងនេះ សុទ្ធសឹងតែជាការឆបោកតាមប្រព័ន្ធអនឡាញ Scam Online ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានបង្ក្រាបជាដាច់ខាត។ ប៉ុន្តែបែរ ជាមេប៉ូលិសខណ្ឌដូនពេញបណ្តែតបណ្ដោយឲ្យល្បែងអនទ្បាញបន្តដំណើរការនិងបន្ត «ឆបោក» ប្រជាពលរដ្ឋកម្ពុជា និងកំពុងតែប្រឆាំងបទបញ្ជាថ្នាក់ដឹកនាំ។
ពលរដ្ឋកំពុងមានចម្ងល់ ចំពោះអាជ្ញាធរខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោកជា ខេមា ជាពិសេសកម្លាំងនគរបាល ដែលដឹកនាំដោយលោកវះសេនីយ៍ឯក ទៀង ច័ន្ទសា អធិការខណ្ឌដូនពេញ ដែលហាក់ដូចជាធ្វើមិនដឹងមិនឮ ចំពោះបញ្ហាស្គេមអនឡាញ១កន្លែងនេះ។ មានន័យថា ពួកគេបិទ បាំងចំពោះទង្វើអសកម្មនៅក្នុងសង្គម ហើយមិនយក ចិត្តទុកដាក់ចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។ មហាជនសំណូមពរ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការចំពោះទីតាំងខាងលើនេះផង បើរង់ចាំអាជ្ញាធរខណ្ឌដូនពេញ ដូចជាទៅមិនរួចទេ៕


