គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានប្រមាណជាង៨៣% ខណៈគម្រោងទាំងមូលនឹងបញ្ចប់តាមកុងត្រា នៅថ្ងៃទី៣១ ឧសភា ២០២៦

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានប្រមាណជាង៨៣% ខណៈគម្រោងទាំងមូលនឹងបញ្ចប់តាមកុងត្រា នៅថ្ងៃទី៣១ ឧសភា ២០២៦

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារកសាង-ជួសជុលផ្លូវ ក្រុងកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។

បើតាមរបាយការណ៍លោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD បានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណជាង ៨៣% ក្នុងនោះគម្រោងដែលបានអនុវត្តរួចរាល់ និងកំពុងបន្ត រួមមានៈ 

-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បានបញ្ចប់ 100%

-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុងបានបញ្ចប់ 100%

-ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ គឺបានបញ្ចប់ 100%

-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ ៦០%

-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ បានបញ្ចប់ចំនួន ៦៦ គីឡូម៉ែត្រ។ 

-ការងារជួសជុលផ្លូវកៅស៊ូ AC បានចំនួន ចំនួន ៣១ គីឡូម៉ែត្រ។ ជាមួយគ្នានេះ គម្រោងទាំងមូលខាងលើ គ្រោងនឹងបញ្ចប់ទាំងស្រុង តាមកុងត្រានៃកិច្ចសន្យាបញ្ចប់នៅថ្ងៃទី ៣១ ឧសភា ២០២៦ ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារក្រសួង ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងលើគម្រោងនេះរហូតមក។ 

ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ទោះបីគម្រោងខាងលើជួបឧបសគ្គខ្លះៗ ប៉ុន្តែឯកឧត្តម មានការរំពងទុកថា នៅពេលគម្រោងបានបញ្ចប់ជាស្ថាពរ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុន ធ្វើការជួសជុល អ៊ុតផ្លូវកៅស៊ូAC ដែលជាផ្លូវយុទ្ធសាស្ត្រសំខាន់ៗ ក្នុងក្រុងកំពង់ចាម អោយបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត។ 

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវត្ត្តន៍ដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។ ផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕

img 20260322 153057 633 img 20260322 153058 193 img 20260322 153057 832 img 20260322 153126 275 img 20260322 153116 603 img 20260322 153107 327 img 20260322 153058 518 img 20260322 153057 977 img 20260322 153057 724 img 20260322 153057 921 img 20260322 153058 053 img 20260322 153058 107

Scroll to Top