រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមាន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ករណីជីកកកាយរ៉ែនៅតំបន់ភ្នំរហាវ

រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមាន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ករណីជីកកកាយរ៉ែនៅតំបន់ភ្នំរហាវ

ខេត្តមណ្ឌលគិរី៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថានកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦បានចេញសេចក្តីព្រមានមួយទៅលើលោក ឌិន ប៊ុនធឿន អនុ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

លិខិតព្រមានដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី
អ៊ាង សុផល្លែត បានបញ្ជាក់ថា សូមធ្វើការព្រមានចំពោះ លោក ឌិន ប៊ុនធឿន អត្តលេខ១៨១២១០០៤៥១ ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅលើចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។

ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមធ្វើការព្រមាន លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់នូវរាល់អំពើ ដែលធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ ដែលកើតឡើងពីការប្រព្រឹត្តដោយការធ្វេសប្រហែសការខ្ជីខ្ជា និងការបំពានច្បាប់ក្នុងកាតព្វកិច្ចបំពេញការងារ។

ក្រសួងបរិស្ថានសង្ឃឹមថា លោក ឌិន ប៊ុនធឿន ធ្វើការកែតម្រូវនូវកំហុងឆ្គងក្នុងវិជ្ជាជីវៈលើការ អនុវត្តតួនាទីភារកិច្ច។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ និងមានការប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ក្រសួងនឹងមានវិធានការស្របតាមនីតិវិធីច្បាប់។

ប្រភពពីមន្ត្រីអធិការនៃក្រសួងបរិស្ថានបានឱ្យដឹងអំពីរឿងហេតុដែលនាំឲ្យមានការព្រមាននេះថា ពាក់ព័ន្ធនឹងករណីធ្វើអាជីវកម្មរ៉ែមាសនៅចំនុចភ្នំរហាវ ភូមិស្រែខ្ទុង ឃុំស្រែឈូក ស្រុកកែវសីមានៃដែនជម្រកសត្វព្រៃភ្នំព្រិច តាមការបញ្ជាក់ គឺមានការសម្របសម្រួលពីលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរ លោក ឌិន ប៊ុនថាច (ប្អូន ប្រុសបង្កើត លោកឌិន ប៊ុនធឿន) ប្រធានការិយាល័យស្តីទីដែនជម្រកសត្វព្រៃភ្នំព្រិច ដោយរៀបម៉ាស៊ីនគិតជាខែ ដែលក្នុងនោះម៉ាស៊ីន១គ្រឿង ត្រូវបង់ប្រាក់២លានរៀល/១ខែ) ដែលនៅចំណុចភ្នំរហាវមាន ម៉ាស៊ីនធ្វើរ៉ែមាសទាំងអស់សរុប២០គ្រឿងជាង ។

ចំពោះករណីខាងលើនេះ មន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃកែវសីមាផ្នែកសហគមន៍ ដើរល្បាតជួបនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ហើយបានរាយការណ៍ទៅ លោកឌិន ប៊ុនធឿន ដើម្បីស្នើសុំចាត់វិធានការដែរតែលោកឌិនប៊ុនធឿ មិនចាត់វិធានការនោះទេ។

ក្រៅពីបញ្ហាខាងលើនេះក៏មានសេចក្តីរាយការណ៍ថាពាក់ព័ន្ធនឹងការដោះលែងគ្រឿងចក្រដែលឈូសឆាយដីនៅតំបន់កែវសីមានោះផងដែរ។

លោក ឌិន ប៊ុនធឿន បានឆ្លើយតបជាមួយអ្នកកាសែតនៅថ្ងៃទី២២ ខែមីនានេះថា លោកទើបតែឃើញលិខិតព្រមាននោះនៅថ្ងៃនេះដែរ។ លោកមិនមានអ្វីបកស្រាយទេ ដោយលោកជំរុញឲ្យអ្នកកាសែត សួរថ្នាក់ដឹកនាំក្រសួង បរិស្ថានទើបដឹងរឿងច្បាស់។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវពិពណ៌នាថា ញាំញីទៅដោយគ្រួសារនិយម។ ក្នុងនោះមានដូចជាគ្រួសារ សាច់ ញាតិលោកឌិន ប៊ុនធឿន ជាដើម ដែលក្នុងនោះមានដូចជាលោក ហាន សាខន(ទិញឈ្មោះគេ,ឋានៈប្រធានការិយាល័យ) គឺជាបងប្រុសបង្កើតរបស់លោកឌិន ប៊ុនធឿន,លោក ឌិន ប៊ុនថាច ផ្ទេរមកពីមន្ទីរផែនការ ដោយទទួលបានតួនាទីជាប្រធានការិយាល័យស្ដីទីនៃដែន ជម្រកសត្វព្រៃភ្នំព្រិច។ ក្រៅពីនេះក៏មានបងប្អូនជីដូនមួយ ជាមន្ត្រីនិងឧទ្យានុរក្សជាច្រើននាក់ទៀត។

ពាក់ព័ន្ធនឹងរ៉ែ នៅតំបន់រហាវនោះ ត្រូវបានប្រភពនានាបានប្រាប់ថា ក្រោមការសម្របសម្រួលរបស់ លោកឌិន ប៊ុនថាច ថ្នាក់ដឹកនាំក្រសួងដែលស្គាល់កន្លុកកន្លៀតភូមិសាស្ត្រច្បាស់ចុះទៅស្រាវជ្រាវស៊ើប អង្កេតករណីខាងលើនេះ ក៏ត្រូវដងត្រូវផ្លែជាមួយគ្នាដែរ។ មន្ត្រីដែលចុះទៅស្រាវជ្រាវត្រូវគេប្រាប់ថា ទទួលបានការផ្គត់ផ្គង់ទំនុកបម្រុងពីលោកឌិន ប៊ុនថាច យ៉ាងយកចិត្តទុក ដាក់បំផុត៕

img 20260322 145720 526 fb img 1774166828392 img 20260322 145720 934 img 20260322 145720 129 img 20260322 145720 249 img 20260322 145720 152 img 20260322 145720 366 img 20260322 145720 898 img 20260322 145639 928

Scroll to Top